នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីរ៉ង់លែងមានសមត្ថភាពក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬផលិតមីស៊ីលបាលិស្ទិកទៀតហើយ បន្ទាប់ពីមានប្រតិបត្តិការយោធារួមគ្នារវាងអ៊ីស្រាអែល និងអាមេរិក រយៈពេល២០ថ្ងៃកន្លងមក។ នេះបើយោងតាម The Telegraph ចុះផ្សាយកាលពីថ្ងៃទី១៩ខែមីនានេះ។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា ទោះបីជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី២៨កុម្ភៈក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅតែអាចវាយកម្ទេចឧស្សាហកម្មទាំងនោះបានដោយជោគជ័យ។ លោកថា ពេលនេះអ៊ីរ៉ង់ទន់ខ្សោយជាងពេលណាៗទាំងអស់ ហើយអ៊ីស្រាអែលបានក្លាយជាមហាអំណាចក្នុងតំបន់ និងអាចឈានទៅដល់ «មហាអំណាចពិភពលោក» ទៀតផង ដោយលោកសន្យាថានឹងបន្តប្រតិបត្តិការនេះរហូតដល់ចាំបាច់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោកណេតាន់យ៉ាហ៊ូ បានថ្លែងជាភាសាអង់គ្លេសទៅកាន់សហគមន៍អន្តរជាតិ ដើម្បីច្រានចោលពាក្យចចាមអារ៉ាមជុំវិញមរណភាពរបស់លោក ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនៅរស់ទេ ហើយអ្នកទាំងអស់គ្នាគឺជាសាក្សីស្រាប់»។ លោកបានពន្យល់ថា យុទ្ធនាការយោធានេះ គឺធ្វើឡើងដើម្បីកម្ចាត់ «ការគំរាមកំហែងដល់អាយុជីវិត» ដែលបង្កឡើងដោយរបបដឹកនាំអ៊ីរ៉ង់ ដែលលោកអះអាងថាបានប្រកាសសង្រ្គាមប្រឆាំងនឹងអាម៉េរិក អ៊ីស្រាអែល និងសូម្បីតែប្រជាជនខ្លួនឯង៕


