សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសកាលពីថ្ងៃទី១៩ ខែមីនា អំពីគម្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរតម្លៃ ៤០ ពាន់លានដុល្លារ នៅរដ្ឋ Tennessee និងរដ្ឋ Alabama បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំប្រទេសទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការចរចារវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានកើតឡើងបន្ទាប់ពីទីក្រុងតូក្យូបានយល់ព្រមកាលពីឆ្នាំមុនក្នុងការវិនិយោគទឹកប្រាក់សរុបចំនួន ៥៥០ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៩ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។
យ៉ាងណាមិញ ក្រៅតែពីកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ មេដឹកនាំប្រទេសទាំងពីរ ក៏បានប្រកាសពីការវិនិយោគទឹកប្រាក់ ៣៣ពាន់លានដុល្លារបន្ថែម នៅក្នុងរោងចក្រផលិតថាមពលឧស្ម័នធម្មជាតិ នៅរដ្ឋ Pennsylvania និងរដ្ឋ Texas ផងដែរ។
បន្ថែមពីនោះ ក៏នៅមានកិច្ចព្រមព្រៀងសំខាន់ផ្សេងទៀត ដូចជាការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗរវាងជប៉ុន និងសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភអំពីតួនាទីលេចធ្លោរបស់ប្រទេសចិន នៅក្នុងវិស័យនេះ៕

