ក្រុមហ៊ុន QatarEnergy បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឲ្យខូតខាតសមត្ថភាពនាំចេញឧស្ម័នធម្មជាតិរាវ (LNG) រហូតដល់ទៅ ១៥% រយៈពេល ៥ឆ្នាំ ដែលស្មើទៅនឹងការខាតបង់ប្រាក់ចំណូលសុបប្រហែល ១០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងថាមពលកាតា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ QatarEnergy លោក Saad al-Kaabi បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានរំខានដល់ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១២,៨ លានតោនជារៀងរាល់ឆ្នាំ ដែលស្មើនឹង ១៧% នៃសមត្ថភាពនាំចេញ ដែលបណ្តាលឱ្យខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ២០ពាន់លានដុល្លារ។
យ៉ាងណាមិញ ចំពោះដំណើរការស្តារឡើងវិញ សម្រាប់ខ្សែផលិតកម្មដែលខូចខាតទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចចំណាយពេលចន្លោះពី ៣ ទៅ ៥ឆ្នាំ ដែលនោះមានន័យថាប្រាក់ចំណូលពីការនាំចេញ អាចធ្លាក់ចុះរហូតដល់ ១០០ពាន់លានដុល្លារ។ នេះមិនទាន់រាប់បញ្ចូលទាំងការចំណាយសម្រាប់ការជួសជុលដែលមានចំនួនទឹកប្រាក់ប្រហែល ២៦ពាន់លានដុល្លារ ដែលត្រូវបានប៉ាន់ស្មាននៅឡើយ។
ជម្រាបជូនថា ជុំវិញការលើកឡើងនេះ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលវាយប្រហារលើរោងចក្រ Ras Laffan LNG របស់ក្រុមហ៊ុន Qatar Energy ដែលមានទីតាំងប្រហែល ៨០ គីឡូម៉ែត្រភាគខាងជើងទីក្រុងដូហា ប្រទេសកាតា។ នេះគឺជារោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេបំផុតរបស់ពិភពលោក ដែលផ្គត់ផ្គង់ប្រហែល ២០% នៃទិន្នផលសកល៕

