ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ឥណ្ឌា ស្នើឲ្យមានការកាត់បន្ថយពន្ធលើទំនិញរបស់អាមេរិកមកនៅត្រឹមសូន្យ បើទោះបីជានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងបង្ហាញជាសាធារណៈអំពីសាមគ្គីភាពជាមួយមេដឹកនាំចិន និងរុស្ស៊ី ខណៈកំពុងប្រឈមមុខទៅនឹងសម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញនៅពេលនិយាយអំពីទំនាក់ទំនងរវាងឥណ្ឌា និងអាមេរិក លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖”ឥឡូវនេះពួកគេបានផ្តល់ជូនដើម្បីកាត់បន្ថយពន្ធរបស់ពួកគេទាំងស្រុងសម្រាប់ទំនិញអាមេរិក ប៉ុន្តែវាយឺតពេលទៅហើយ។ ពួកគេគួរតែធ្វើវាតាំងពីច្រើនឆ្នាំមុនមកម្លេះ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានទូតឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ ឡើយ ចំពេលប្រធានាធិបអាមេរិក អនុវត្តកាតព្វកិច្ចសរុបខ្ពស់ដល់ ៥០% លើទំនិញឥណ្ឌា។
គួរឲ្យដឹងថា ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានកើតឡើង នៅពេលដែល លោក Modi កំពុងស្ថិតនៅប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំជាង ២០ នៃបណ្តាប្រទេសមិនមែនលោកខាងលិច ដែលជាគំនិតផ្តួចផ្តើមគាំទ្រដោយប្រទេសចិន និងត្រូវបានគេយល់ឃើញថាជាការរួបរួមគ្នាថ្មីមួយ ដើម្បីប្រឆាំងទៅនឹងពន្ធសកលរបស់លោក ត្រាំ ។
ជម្រាបជូនផងដែរថា លោក ត្រាំ បានគំរាមកំហែងជាមួយនឹងការពន្ធគយខ្ពស់កប់ពពកលើប្រទេសឥណ្ឌា បន្ទាប់ពីពួកគេបានបដិសេធមិនព្រមបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីបញ្ចប់សង្រ្គាមរបស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន៕

