តម្លៃមាសពិភពលោក បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីមានព័ត៌មានថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលវាយប្រហារលើរោងចក្រថាមពលរបស់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការជួញដូរដំបូង គិតនៅត្រឹមថ្ងៃទី២៣ ខែមីនា តម្លៃមាសបានធ្លាក់ចុះជាង ៥% មកនៅត្រឹមប្រហែល ៤ ២៦២ដុល្លារក្នុងមួយអោន។ តែទោះជាយ៉ាងណា ក្រោយមក តម្លៃមាសបានងើបឡើងវិញ ដោយកើនឡើងដល់ជាង ៤ ៤៣១ដុល្លារក្នុងមួយអោន នៅក្នុងវគ្គជួញដូរចុងក្រោយ។
ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងផងដែរថា តម្លៃមាស និងប្រាក់សកល បានងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះនៅដើមសប្តាហ៍នេះ ដោយសារការរំពឹងទុកនៃការថយចុះភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលបានធ្វើឲ្យអារម្មណ៍វិនិយោគិនប្រសើរឡើង។
មិនតែប៉ុណ្ណោះ នៅមុននេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានប្រកាសលុបចោលឱសានវាទ ៤៨ម៉ោង ដល់អ៊ីរ៉ង់ផងដែរ បន្ទាប់ពីការចរចាប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលពីរថ្ងៃកន្លងមក។ ក្នុងនោះលោក ត្រាំ ក៏បាននិយាយផងដែរថា លោកបានណែនាំក្រសួងសង្គ្រាម ពន្យារពេលការវាយប្រហារយោធាណាមួយលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ៕

