អាជ្ញាធរគ្រប់គ្រងទីផ្សារប្រទេសចិន បាននិយាយកាលពីថ្ងៃទី២៤ ខែមីនាថា សាខាចិនរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាល្លឺម៉ង់ BMW នឹងប្រមូលរថយន្តជិត ១៨០ ០០០ គ្រឿងត្រលប់មកវិញ ដោយសារតែបញ្ហាខ្សែភ្លើងក្នុងម៉ាស៊ីនត្រជាក់ដែលអាចបង្កហានិភ័យអគ្គីភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បាននិយាយថា ការប្រមូលរថយន្តឡើងវិញដែលមានប្រសិទ្ធភាពភ្លាមៗ នឹងត្រូវអនុវត្តចំពោះរថយន្ត BMW ស៊េរី 5 ចំនួន ១៣៣ ៨៤៩ គ្រឿងដែលផលិតក្នុងស្រុក ចន្លោះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
មិនតែប៉ុណ្ណោះ ការប្រូមូលរបស់ក្រុមហ៊ុន BMW មកវិញសារនេះ ក៏រួមបញ្ចូលទាំងរថយន្តស៊េរី 5, ស៊េរី 7 និង M5 ចំនួន ៤៥ ៦៧៨ គ្រឿងផងដែរ ដែលផលិតចន្លោះខែមិថុនា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៥។
SAMR បាននិយាយថា ៖”រថយន្តដែលស្ថិតក្នុងវិសាលភាពនៃការប្រមូលនេះមានបញ្ហាលើខ្សែភ្លើងម៉ាស៊ីនត្រជាក់កាប៊ីនខាងមុខ ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបង្កឲ្យមានអគ្គីភ័យឆាបឆេះឡើង”។
ជម្រាបជូនផងដែរថា BMW នឹងត្រួតពិនិត្យ និងធានាប្តូរខ្សែភ្លើងម៉ាស៊ីនត្រជាក់ឡើងវិញសម្រាប់រថយន្តដែលត្រូវបានប្រមូលមក ដោយមិនគិតថ្លៃឡើយ៕

