ក្រុមហ៊ុន Reliance Industries របស់ប្រទេសឥណ្ឌា បានទិញចូលប្រេងឆៅអ៊ីរ៉ង់ចំនួន ៥ លានបារ៉ែល ពោលគឺនៅក្នុងតម្លៃខ្ពស់ជាងប្រេងឆៅអន្តរជាតិ ប្រភេទ Brent ចំនួន ៧ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេបំផុតមួយរបស់ពិភពលោក កាលពីថ្ងៃទី២៤ ខែមីនា បានទិញប្រេងឆៅអ៊ីរ៉ង់ចំនួន ៥ លានបារ៉ែលពីក្រុមហ៊ុនប្រេងអ៊ីរ៉ង់ជាតិ (NIOC)។ រឿងនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានលើកទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងរបស់ប្រទេសនេះ។
គួរឲ្យដឹងថាកាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងលើកទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងអ៊ីរ៉ង់នៅលើសមុទ្ររយៈពេល ៣០ថ្ងៃ។ នេះជាលើកទីបីហើយដែលសហរដ្ឋអាមេរិកបានលើកទណ្ឌកម្មលើប្រេងឆៅចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅមជ្ឈិមបូព៌ាមក។
ជម្រាបជូនថា បច្ចុប្បន្ន ឥណ្ឌា គឺជាប្រទេសនាំចូលប្រេងធំជាងគេទីបីរបស់ពិភពលោក។ ហើយមុនពេលទិញរបស់ប្រេងអ៊ីរ៉ង់ រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌា ក៏បានទិញប្រេងរុស្ស៊ីជាង ៤០ លានបារ៉ែលរួចហើយផងដែរ។ លោកចុងក្រោយដែលឥណ្ឌាទិញប្រេងរបស់អ៊ីរ៉ង់ គឺនៅខែឧសភា ឆ្នាំ២០១៩ ពោលគឺនៅពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើអ៊ិរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ៕

