ប្រេងរបស់រុស្ស៊ីយ៉ាងហោចណាស់ ៤០%ត្រូវផ្អាកនាំចេញ ក្រោយរងការវាយប្រហារពីអ៊ុយក្រែន

អន្តរជាតិ

ការគណនារបស់ភ្នាក់ងារសារព័ត៌មាន Reuters ដែលផ្អែកលើទិន្នន័យទីផ្សារបានឱ្យដឹងថា សមត្ថភាពនាំចេញប្រេងរបស់ប្រទេសរុស្ស៊ី យ៉ាងហោចណាស់ ៤០% បានជាប់គាំង បន្ទាប់ពីរបស់ដ្រូនអ៊ុយក្រែនវាយប្រហារលើបំពង់បង្ហូរប្រេងសំខាន់ៗ និងការរឹបអូសយកនាវាដឹកប្រេងជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការវាយប្រហារនេះ គឺជាការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេលំដាប់ទីពីររបស់ពិភពលោក។ បញ្ហានេះ ក៏កើតឡើងចំពេល ដែលតម្លៃប្រេងបានហក់ឡើងលើសពី ១០០ដុល្លារ ក្នុងមួយបារ៉ែល ដោយសារតែសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ដែរ។

នៅក្នុងខែមីនានេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេង និងឥន្ធនៈរបស់រុស្ស៊ី ដោយបានវាយប្រហារចំកំពង់ផែនាំចេញប្រេងសំខាន់ៗ ទាំងបីនៅភាគខាងលិចរបស់រុស្ស៊ី រួមមាន៖ កំពង់ផែ Novorossiysk នៅសមុទ្រខ្មៅ ព្រមទាំងកំពង់ផែ Primorsk និង Ust-Luga នៅសមុទ្របាល់ទិក។

សមត្ថភាពនាំចេញប្រេងឆៅរបស់រុស្ស៊ីប្រហែល ៤០% ឬប្រហែល ២លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានផ្អាក បន្ទាប់ពីមានការវាយប្រហារចុងក្រោយបំផុតទាំងនេះ។

ភាគីអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនមានគោលបំណងកាត់បន្ថយចំណូលពីប្រេង និងហ្កាសរបស់ទីក្រុងម៉ូស្គូ ដែលចំណូលនេះ មានចំនួនប្រហែល មួយភាគបួន(២៥%) នៃថវិកាជាតិសរុបរបស់រុស្ស៊ី ហើយការធ្វើបែបនេះ ក៏មានគោលបំណងកាត់បន្ថយអំណាចយោធារបស់រុស្ស៊ីដែរ។ ចំណែកឯភាគីរុស្ស៊ីវិញ បានចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនថាជាអំពើភេរវកម្ម ហើយបានបង្កើនការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ទិន្នផលប្រេងរបស់រុស្ស៊ី គឺជាប្រភពចំណូលដ៏សំខាន់មួយ សម្រាប់កញ្ចប់ថវិកាជាតិ និងជាបេះដូងនៃប្រទេសដែលមានសេដ្ឋកិច្ចទំហំ ២.៦ទ្រីលានដុល្លារមួយនេះ៕