លោក Wang Ning ស្ថាបនិក Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីល្បាញ Labubu បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ចំនួន ២,៧ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ២២%។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង Pop Mart បានធ្លាក់ចុះកាលពីថ្ងៃពុធ ក្រោយពេលបង្ហាញពីលទ្ធផលលក់ពេញមួយឆ្នាំ២០២៥ របស់ខ្លួន ដែលនេះបានកាត់បន្ថយចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Wang មកនៅត្រឹម ១៣,៦ពាន់លានដុល្លារ។
ជុំវិញការធ្លាក់ចុះនេះបានកើតឡើង បើទោះបីជាក្រុមហ៊ុនបានផ្តល់លទ្ធផលដ៏រឹងមាំក៏ដោយ ដោយការលក់នៅឆ្នាំ២០២៥ បានកើនឡើងរហូតដល់ជាង ១៨៤% ដល់ ៣៧,១ពាន់លានយន់ (៥,៤ពាន់លានដុល្លារ) និងប្រាក់ចំណេញសុទ្ធកើនឡើងជិតបួនដង ដល់ ១៣ពាន់លានយន់។
ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន លោក Wang ធ្លាប់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង១០ នៅក្នុងប្រទេសចិន ដោយទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងដល់ ២៧,៥ពាន់លានដុល្លារ គិតនៅត្រឹមចុងខែសីហា នៅពេលដែលតម្លៃទីផ្សាររបស់ Pop Mart បានកើនឡើងដល់ប្រហែល ៥៦ពាន់លានដុល្លារ៕

