ថៃ រកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី Cicada ដែលឆ្លងខ្លាំង

អន្តរជាតិ

ប្រទេសថៃបានបញ្ជាក់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Cicada ដែលជាខ្សែស្រឡាយរបស់អូមីក្រុង និងមានអត្រាបំប្លែងខ្លួនខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការផ្សាយរបស់Thairath កាលពីថ្ងៃទី២៦ខែមីនា វិទ្យាស្ថានវ៉ាក់សាំងជាតិ បានបញ្ជាក់ពីការរកឃើញនេះ ដោយអះអាងថា មេរោគនេះមានអត្រាឆ្លងខ្លាំង ហើយថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនប្រាប់ឡើយថាតើក្នុងប្រទេសខ្លួន មានការឆ្លងប៉ុន្មានករណីហើយ ប៉ុន្តែបានអំពាវនាវដល់ពលរដ្ឋកុំទាន់ព្រួយបារម្ភនិងស្លន់ស្លោ។

សូមជម្រាបថា វីរុសកូវីដបំប្លែងខ្លួនCicada ឬ BA.3.2 កំពុងត្រូវបានអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) តាមដានយ៉ាងយកចិត្តទុកដាក់ ខណៈបច្ចុប្បន្នវាត្រូវគេរកឃើញនៅក្នុងប្រទេសចំនួន២៣ហើយរួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក ជាដើម។

វាមានលក្ខណៈខុសប្លែកខ្លាំង ដោយវាមានការបំប្លែងខ្លួនពី ៧០ ទៅ ៧៥ កន្លែង នៅលើ Spike ប្រូតេអ៊ីន បើធៀបនឹងមេរោគបំប្លែងខ្លួនមុនៗ ហើយវាមានសមត្ថភាពអាចគេចផុតពីប្រព័ន្ធភាពស៊ាំ។

ចំពោះរោគសញ្ញា មិនខុសពីវីរុសមុនៗឡើយ, Cicada បណ្តាលឲ្យឈឺបំពង់កខ្លាំង ក្អកស្ងួត អស់កម្លាំងខ្លាំង ហៀរសំបោរ តឹងច្រមុះ ឈឺក្បាល គ្រុនក្តៅ រងាញាក់ ឈឺសាច់ដុំ និងជួនកាលមានរោគសញ្ញានៃប្រព័ន្ធរំលាយអាហារ ដូចជាចង្អោរ ឬរាក។

វីរុសនេះមិនខ្លាចវ៉ាក់សាំងឡើយ ប៉ុន្តែគេមិនទាន់រកឃើញព័ស្តុតាងថា វាបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬបាត់បង់ជីវិតនោះទេ៕