ហ្វីលីពីន ទទួលបានប្រេងម៉ាស៊ូតជាង ១៤ ម៉ឺនបារ៉ែលពីជប៉ុន ក្រោយប្រកាសអាសន្នថាមពលជាតិ

អន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសរបស់ខ្លួន ទទួលបានប្រេងម៉ាស៊ូតជាង ១៤០ ០០០ បារ៉ែល ពីប្រទេសជប៉ុន បន្ទាប់ពីមានការប្រកាសពីភាពអាសន្នថាមពល ដោយសារតែជម្លោះអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងថាមពលរបស់ហ្វីលីពីន បាននិយាយថា ប្រេងម៉ាស៊ូតចំនួន ១៤២ ០០០ បារ៉ែល ត្រូវបានដឹកជញ្ជូនមកដល់ហ្វីលីពីននៅថ្ងៃទី២៦ ខែមីនា បន្ទាប់ពីក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ បានដាក់បញ្ជាទិញ។

គួរឲ្យដឹងផងដែរថា ហ្វីលីពីន បានប្រកាសពីការខ្វះខាតយ៉ាងធ្ងន់ធ្ងរលើថាមពលរបស់ខ្លួន ដោយសារតែជាង ៩០% នៃការនាំចូលប្រេងឆៅរបស់ប្រទេសហ្វីលីពីនគឺបានមកពីតំបន់មជ្ឈិមបូព៌ា។ តម្លៃប្រេងឥន្ធនៈបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។

កាលពីដើមខែនេះ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសពីភាពអាសន្នថាមពលជាតិ ដោយនិយាយថា ប្រទេសខ្លួនកំពុងស្ថិតក្នុងវិបត្តិផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរ។ ហើយជាមួយគ្នានេះមន្ត្រីរដ្ឋាភិបាលកំពុងពិភាក្សាដើម្បីធានាការផ្គត់ផ្គង់ពីប្រទេសដទៃទៀត។

ជម្រាបជូនថា ក្រសួងថាមពលហ្វីលីពីន ក៏បានបង្ហាញឲ្យដឹងទៀតថា ប្រេងម៉ាស៊ូតសរុបប្រមាណមួយលានបារ៉ែលត្រូវបានធានាសម្រាប់ការដឹកជញ្ជូនរហូតដល់ខែមេសា រួមទាំងការដឹកជញ្ជូនពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌាផងដែរ៕​