ក្រុមហ៊ុនសាជីវកម្មថាមពលនាំមុខគេនៃប្រទេសណាម ម៉ាឡេស៊ី និងសិង្ហបុរី បានឈានដល់ការយល់ព្រមយល់សហការគ្នាលើការនាំចេញថាមពលអគ្គិសនីស្អាត និងការផ្គត់ផ្គង់អគ្គិសនីឆ្លងព្រំដែនរវាងគ្នានិងគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការនាំចេញថាមពលកកើតឡើងវិញ ពីវៀតណាម ទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងក្រុរមហ៊ុនសាជីវកម្មថាមពលឈានមុខគេនៃប្រទេសទាំងបី។
នាយករដ្ឋមន្ត្រីទាំងបីរូប បានធ្វើជាសាក្សីក្នុងពិធីនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅឯទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះផងដែររ ត្រូវបានកត់សម្គាល់ថា ជាការចាប់ផ្តើមដ៏សំខាន់មួយចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មអគ្គិសនីស្អាតឆ្លងកាត់ព្រំដែន ចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន និងការតភ្ជាប់ថាមពល ក្នុងតំបន់ប្រកបដោយនិរន្តរភាព។
គួរឲ្យដឹងផងដែរថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ សម្ព័ន្ធថាមពលម៉ាឡេស៊ី Tenaga Nasional Berhad និង Petroliam Nasional Berhad នឹងចាប់ដៃគូជាមួយក្រុមហ៊ុនសាជីវកម្មសេវាកម្មបច្ចេកទេសវៀតណាម PetroVietnam និង Sembcorp Utilities Pte Ltd របស់ប្រទេសសិង្ហបុរី។ ក្រុមហ៊ុនទាំងបី នឹងធ្វើការរួមគ្នាដើម្បីទាញយកសក្តានុពលថាមពលកកើតឡើងវិញរបស់វៀតណាម ជាពិសេសថាមពលខ្យល់នៅតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីបង្កើតជាអគ្គិសនីស្អាត ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសក្នុងតំបន់ទាំងពីរ។
ជម្រាបជូនផងដែរថា ក្រោមកិច្ចព្រមព្រៀងនេះ វៀតណាម មានបំណងក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញធំបំផុតមួយនៅក្នុងតំបន់ ដោយមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ថាមពលស្អាត កាត់បន្ថយការបំភាយឧស្ម័នកាបូនពុល និងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

