ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំថា ប្រទេសដែលរងផលប៉ះពាល់ដោយការបិទច្រកសមុទ្រ Hormuz ដូចជាចក្រភពអង់គ្លេស គួរតែទិញប្រេងរបស់អាមេរិក ឬមួយទៅច្រកសមុទ្រនេះដោយខ្លួនឯងដើម្បីយកប្រេងមកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា ៖”ចំពោះប្រទេសទាំងអស់ដែលមិនអាចទទួលបានប្រេងឥន្ធនៈតាមរយៈច្រកសមុទ្រ Hormuz ដូចជាចក្រភពអង់គ្លេស ដែលបានបដិសេធមិនចូលរួមក្នុងយុទ្ធនាការអ៊ីរ៉ង់ ខ្ញុំមានយោបល់មួយ។ ទីមួយ ទិញពីអាមេរិក ពីព្រោះពួកយើងមានច្រើនណាស់។ ទីពីរ ប្រមូលភាពក្លាហានដែលពួកគេមាន ហើយទៅកាន់ច្រកសមុទ្រ Hormuz យកវាដោយខ្លួនឯកទៅ”។
គួរឲ្យដឹងថា ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ២០% របស់ពិភពលោក ត្រូវបានរារាំងដោយអ៊ីរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ពួកគេ នៅចុងខែកុម្ភៈ ដែលធ្វើឲ្យនាវាដឹកប្រេងរាប់ពាន់គ្រឿងជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស និងរំខានដល់ទីផ្សារថាមពលសកល។
ជម្រាបជូនថា កន្លងមក លោក ត្រាំ ធ្លាប់បានអំពាវនាវដល់សម្ព័ន្ធមិត្ត NATO សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀតឲ្យដាក់ពង្រាយនាវាចម្បាំងដើម្បីបើកច្រកសមុទ្រ Hormuz។ តែទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេចង់ចូលរួមក្នុងប្រតិបត្តិការដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនោះទេ ដែលធ្វើឲ្យលោក ត្រាំ មិនពេញចិត្ត និងនាំឲ្យមានការរិះគន់លើសម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងខ្លាំង ដូចជាចក្រភពអង់គ្លេស និងបារាំងជាដើម៕

