Amazon គ្រោងចាយលុយ ៩ពាន់លានដុល្លារ ទិញក្រុមហ៊ុនផ្កាយរណប Globalstar ដើម្បីប្រជែងជាមួយ Starlink

អន្តរជាតិ

ក្រុមហ៊ុន Amazon កំពុងស្ថិតក្នុងការចរចាទិញយកក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណប Globalstar ខណៈពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Jeff Bezos កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអាជីវកម្មអ៊ីនធើណិតតាមរយៈផ្កាយរណបគន្លងទាប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់ SpaceX។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននៃការទិញលក់នេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Globalstar កើនឡើង ២៤% ដល់តម្លៃ ៨៥ដុល្លារ/មួយហ៊ុនភ្លាមៗ ខណៈបានបង្កើនតម្លៃមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុនឲ្យហក់ឡើងដល់ ៨,៨១ពាន់លានដុល្លារ គិតត្រឹមការបិទការជួញដូរចុងក្រោយ។

គួរឲ្យដឹងថា ក្រុមហ៊ុន Globalstar ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Covington រដ្ឋ Louisiana ត្រូវបានគេស្គាល់ដោយសារផ្កាយរណបទំនាក់ទំនងគន្លងទាបរបស់ខ្លួន និងផ្តល់ជូននូវសេវាកម្មសំឡេង ទិន្នន័យ និងតាមដានទ្រព្យសម្បត្តិនៅទូទាំងទីផ្សារសហគ្រាស រដ្ឋាភិបាល និងអ្នកប្រើប្រាស់។

ជម្រាបជូនថា ការចរចារវាងក្រុមហ៊ុន Amazon និង Globalstar នៅតែមានភាពស្មុគស្មាញខ្លាំងសម្រាប់កិច្ចព្រមព្រៀងមួយ ដោយសារតែភាពជាម្ចាស់ភាគហ៊ុន ២០% របស់ក្រុមហ៊ុន Apple នៅក្នុង Globalstar ដែលតម្រូវឲ្យមានការចរចាបន្ថែមទៀតរវាង Amazon និង Apple៕​