ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាមេដឹកនាំរបស់ប្រទេសអ៊ីស្រាអែល និងលីបង់ បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល ១០ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា ៖“ខ្ញុំទើបតែមានការពិភាក្សាវិជ្ជមានយ៉ាងខ្លាំងជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu។ មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ដើម្បីសម្រេចបានសន្តិភាពរវាងប្រទេសទាំងពីរ ពួកគេនឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ១០ថ្ងៃ នៅម៉ោង ៥ល្ងាចថ្ងៃនេះ (ម៉ោង ៥ព្រឹក ថ្ងៃទី១៧ ខែមេសា ម៉ោងនៅភ្នំពេញ)”។
យ៉ាងណាក៏ដោយ ជុំវិញបទឈប់បាញ់នេះ លោក ត្រាំ ហាក់មិនបានលើកឡើងអំពីក្រុមប្រដាប់អាវុធ Hezbollah នៅលីបង់ទេ ដោយបន្ថែមថា លោកបានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីលីបង់ មកកាន់សេតវិមានសម្រាប់ការចរចាសន្តិភាពរយៈពេលវែង។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះបទឈប់បាញ់ និងបានថ្លែងអំណរគុណដល់ប្រទេសដែលបានជួយសម្របសម្រួលដល់កិច្ចព្រមព្រៀងនេះ រួមទាំងសហរដ្ឋអាមេរិក បារាំង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កាតា និងហ្សកដានីផងដែរ។
ជម្រាបជូនផងដែរថា កន្លងមកប្រទេសប៉ាគីស្ថាន ធ្លាប់បានបញ្ជាក់ថា សន្តិភាពនៅក្នុងប្រទេសលីបង់គឺជាលក្ខខណ្ឌសំខាន់សម្រាប់ការចរចាដែលខ្លួនកំពុងសម្របសម្រួល ដែលមានគោលបំណងឈានទៅរកការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ៕

