លោក Xu Yington ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីក្រុមហ៊ុនថ្មីរបស់ខ្លួន Sigenergy Technology បានកើនឡើងភាគហ៊ុនយ៉ាងខ្លាំង ដោយសារតែតម្រូវការផលិតផលស្តុកទុកថាមពល។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Sigenergy បានកើនឡើងទ្វេដង ជំរុញឲ្យលោក Xu ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ឥឡូវនេះ កើនឡើងទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារ។
ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២ Sigenergy ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកទុកថាមពល បានទទួលផលចំណេញយ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ ខណៈពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កើនការផ្តោតអារម្មណ៍ជាសកលលើការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងប្រភពជំនួស ចំពេលមានវិបត្តិថាមពលសកល។
ក្រុមហ៊ុន Sigenergy ត្រូវបានគេស្គាល់ច្បាស់បំផុតសម្រាប់ប្រព័ន្ធ SigenStor របស់ខ្លួន ដែលរួមបញ្ចូលសមាសធាតុដូចជាកញ្ចប់ថ្ម និងឧបករណ៍បំលែងថាមពលព្រះអាទិត្យ ដើម្បីរក្សាទុកថាមពលដែលបង្កើតចេញពីប្រភពកកើតឡើងវិញ និងបញ្ចេញវានៅពេលដែលត្រូវការ៕

