ឥណ្ឌូណេស៊ី នឹងចាប់ផ្តើមបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូត ចាប់ពីខែកក្កដាតទៅ

អន្តរជាតិ

ឥណ្ឌូណេស៊ី នឹងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតដែលមានគុណភាពទាប ចាប់ពីថ្ងៃទី១ ខែកក្កដា ខណៈពេលដែលរដ្ឋាភិបាលកំពុងចាប់ផ្តើមកម្មវិធីផលិតប្រេងជីវសាស្រ្ត B50 ទាញចេញពីប្រេងដូងរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Andi Amran Sulaiman បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួន នឹងផ្លាស់ប្តូរទៅរកការផលិតប្រេងឥន្ធនៈជីវសាស្រ្ត B50 ដែលអាចចម្រាញ់ទៅជាប្រេងម៉ាស៊ូត ៥០% និងប្រេងដូងឆៅ ៥០% ក្នុងពេលឆាប់ៗខាងមុខនេះ។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីពង្រឹងឯករាជ្យភាពថាមពលជាតិ ដោយប្រើប្រាស់ប្រេងដូងជាឥន្ធនៈជំនួស។

លោក Sulaiman បានពន្យល់ទៀតថា ប្រេងដូងអាចត្រូវបានកែច្នៃមិនត្រឹមតែទៅជាប្រេងម៉ាស៊ូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាំង និងអេតាណុលផងដែរ ដែលការអភិវឌ្ឍរបស់វាកំពុងត្រូវបានពន្លឿន។

ជម្រាបជូនថា ការផ្លាស់ប្តូររបស់ឥណ្ឌូណេស៊ី បានកើតឡើងចំពេលមានការរំខានកាន់តែខ្លាំងឡើងចំពោះការផ្គត់ផ្គង់ថាមពលសកល ជាពិសេសហានិភ័យកើនឡើង នៅជុំវិញច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕​