អារ៉ាប់រួម ប្រកាសដកខ្លួនចេញពីអង្គការ OPEC និង OPEC+ បង្កក្តីបារម្ភដល់ក្រុមអ្នកផលិតប្រេងសកល

អន្តរជាតិ

ប្រទេសអារ៉ាប់រួម (UAE) បាននិយាយ កាលពីថ្ងៃទី២៨ ខែមេសាថា ខ្លួននឹងសម្រេចចិត្តចាកចេញពីអង្គការ OPEC និង OPEC+ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមប្រទេសអ្នកនាំចេញប្រេងទូទាំងពិភពលោក ខណៈពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កឲ្យមានកង្វះខាតថាមពលជាប្រវត្តិសាស្ត្រ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបភាពមិនស្ថិតស្ថេររួចទៅហើយនោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសអារ៉ាប់រួម បាននិយាយថា ខ្លួននឹងចាកចេញពីអង្គការទាំងនេះ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ។

គួរឲ្យដឹងថា ជុំវិញការបាត់បង់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អារ៉ាប់រួម ដែលជាសមាជិករបស់អង្គការ OPEC ដ៏យូរអង្វែង អាចបង្កើតឲ្យមានភាពច្របូកច្របល់ និងធ្វើឱ្យក្រុមនេះចុះខ្សោយ ដែលជាធម្មតាតែងតែស្វែងរកការរួបរួមគ្នា បើទោះបីជាមានការខ្វែងគំនិតផ្ទៃក្នុងលើបញ្ហាជាច្រើន រាប់ចាប់ពីភូមិសាស្ត្រនយោបាយរហូតដល់កូតាផលិតកម្មក៏ដោយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Mohamed al-Mazrouei បានប្រាប់ទៅសារព័ត៌មាន Reuters ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យដោយប្រុងប្រយ័ត្នលើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចក្នុងតំបន់។

នៅពេលត្រូវបានគេសួរថា តើអារ៉ាប់រួមបានពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអូឌីត ដែលជាដៃគូប្រទេសដ៏សំខាន់បំផុតរបស់ខ្លួនឬអត់ ជុំវិញការចាកចេញនេះ លោក Mazrouei បាននិយាយថា អារ៉ាប់រួមមិនបានលើកឡើងពីបញ្ហានេះ ជាមួយប្រទេសផ្សេងទៀតទេ ពោលគឺជាការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។

មិនតែប៉ុុណ្ណោះ រដ្ឋមន្ត្រីក្រសួងថាមពលរូបនេះ បានបន្ថែមថា នេះគឺជាការសម្រេចចិត្តគោលនយោបាយ វាត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើគោលនយោបាយបច្ចុប្បន្ន និងអនាគតទាក់ទងនឹងកម្រិតផលិតកម្ម។ ហើយការដែលធ្វើជាប្រទេសដែលគ្មានកាតព្វកិច្ចក្រោមអង្គការទាំងនេះ នឹងផ្តល់ឱ្យ UAE នូវភាពបត់បែន៕