OPEC+ ដែលជាក្រុមប្រទេសផលិតប្រេងធំជាងគេបំផុតនៅក្នុងពិភពលោក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសម្រេចចិត្តបង្កើនផលិតកម្មប្រេងពួកគេជាលើកទី៣ ពោលគឺចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា អង្គការ OPEC+ បានយល់ព្រមបង្កើនផលិតកម្មប្រេងប្រហែល ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមិថុនា បន្ទាប់ពីមានកិច្ចប្រជុំរបស់សមាជិកសំខាន់ៗទាំង៧ របស់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ។
គួរឲ្យដឹងថា នេះជាកើនឡើងនៃផលិតកម្មលើកទីបីជាប់ៗគ្នាហើយ ក្នុងចំណោមប្រទេសជាសម្ព័ន្ធមិត្ត គិតចាប់តាំងពីជម្លោះនៅជម្ឈិមបូព៌ាបានចាប់ផ្តើមឡើង នៅចុងខែកុម្ភៈមក។ កាលពីមុន OPEC+ បានអនុម័តផែនការពង្រីកផលិតកម្មពីរដង ដើម្បីបង្កើនការផលិតប្រេងដល់ចំនួន ២០៦ ០០០ បារ៉ែលក្នុងមួយថ្ងៃ ក្នុងមួយលើក។
យ៉ាងណាមិញ តួលេខទាំងនេះបច្ចុប្បន្នមានអត្ថន័យតែនៅលើក្រដាសប៉ុណ្ណោះ ខណៈពេលដែលជម្លោះដែលកំពុងបន្ត កំពុងផ្តល់ការរំខានដល់ការផ្គត់ផ្គង់ពីតំបន់ឈូងសមុទ្រ។ តែទោះជាយ៉ាងណាក៏ដោយ ចលនានេះត្រូវបានគេមើលឃើញថាជាសញ្ញាថ្មីមួយដែលបង្ហាញថា OPEC+ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបូមប្រេងបន្ថែមទៀតចូលទៅក្នុងទីផ្សារ នៅពេលដែលជម្លោះបញ្ចប់ បើទោះបីជាអារ៉ាប់រួម (UAE) បានចាកចេញពីក្រុមនេះ នៅថ្ងៃទី១ ខែឧសភាក៏ដោយ។
បច្ចុប្បន្ន OPEC+ មានសមាជិកចំនួន ២១ ប្រទេស ប៉ុន្តែមានតែប្រទេសចំនួន ៧ ប៉ុណ្ណោះ ដែលចូលរួមក្នុងការសម្រេចចិត្តបង្កើនការផលិតប្រចាំខែរបស់សម្ព័ន្ធមិត្ត។
ជម្រាបជូនថា ការបិទច្រកសមុទ្រ Hormuz ក្នុងរយៈពេលប្រាំបួនសប្តាហ៍កន្លងមកនេះ បានបណ្តាលឱ្យមានការធ្លាក់យ៉ាងខ្លាំងនៃការនាំចេញប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ គុយវ៉ែត និងអតីតសមាជិក UAE៕

