តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ គិតនៅត្រឹមថ្ងៃទី៤ ខែឧសភា បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក នឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីរំដោះកប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តម្លៃប្រេងឆៅនាពេលអនាគតប្រភេទ Brent បានធ្លាក់ចុះ ០,៦៤ដុល្លារ ឬ ០,៥៩% មកនៅត្រឹម ១០៧,៥៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមព្រឹកថ្ងៃចន្ទ បន្ទាប់ពីមានការធ្លាក់ចុះ ២,២៣ដុល្លារ នៅថ្ងៃសុក្រសប្តាហ៍មុន។
ទន្ទឹមនឹងនេះ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បច្ចុប្បន្នមានតម្លៃ ១០១,១០ដុល្លារក្នុងមួយបារ៉ែល ពោលគឺធ្លាក់ចុះ ០,៨៤ដុល្លារ ឬ ០,៨២% បន្ទាប់ពីមានការធ្លាក់ចុះ ៣,១៣ដុល្លារ នៅថ្ងៃសុក្រផងដែរ។
យ៉ាងណាមិញ ជុំវិញការថយចុះនៃតម្លៃប្រេងឆៅដ៏សំខាន់ទាំងពីរនេះ បានកើតឡើងបន្ទាប់ពីលោក ត្រាំ បាននៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social ថា អាមេរិក និងធានាដល់កប៉ាល់ដែលជាប់គាំង ឲ្យចាកចេញពីចក្រ Hormuz ដោយសុវត្ថិភាព ដើម្បីជាផលប្រយោជន៍របស់អ៊ីរ៉ង់ មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក។
ជម្រាបជូនផងដែរថា តម្លៃប្រេងសកលនៅតែមានកម្រិតខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានមើលឃើញអាចនឹងសម្រេចបាននោះឡើយ ខណៈការចរាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz នៅតែមានកម្រិត៕

