ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីឥណ្ឌូណេស៊ី កំពូលៗទាំងបីរូប ធ្លាក់ចុះអស់ពាក់កណ្តាល មកនៅត្រឹម ៤៣,៦ពាន់លានដុល្លារ គិតរហូតមកដល់ពេលនេះ ខណៈពេលដែលទីផ្សារហ៊ុនរបស់ប្រទេសនេះ បានធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង ដែលជំរុញដោយសារតែការព្រួយបារម្ភរបស់ភ្នាក់ងារវាយតម្លៃឥណទាន អំពីភាពជាម្ចាស់កម្មសិទ្ធិ និងតម្លាភាពនៃការជួញដូរ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា លោក Robert Budi Hartono ដែលជាអ្នកមានដាច់គេបំផុតរបស់ប្រទេសឥណ្ឌុណេស៊ី បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ថយមកនៅត្រឹម ១៥,៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះអស់ ៦៦% កាលពីចុងឆ្នាំមុន។
ធនាគារ Bank Central Asia ដែលស្ថិតនក្រោមការគ្រប់គ្រងរបស់ លោក Robert បានឃើញតម្លៃភាគហ៊ុនរបស់ពួកគេធ្លាក់ចុះ ២៤% ខណៈភាគហ៊ុនក្រុមហ៊ុនផ្សេងទៀត ដូចជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងលក់រាយ Blibli និងក្រុមហ៊ុនទូរគមនាគមន៍ Sarana Menara Nusantara ក៏បានធ្លាក់ចុះ ៣១% និង ២៤% រៀងៗគ្នាផងដែរ។
ទន្ទឹមនឹងនេះ លោក Low Tuck Kwong ដែលជាអ្នកមានដាច់គេទី២ របស់ឥណ្ឌូណេស៊ី ក៏បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួនធ្លាក់ចុះ ៣៤% មកនៅត្រឹម ១៤,៧ពាន់លានដុល្លារ ផងដែរ។ ការធ្លាក់ចុះនេះ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម Bayan Resource របស់លោក បានធ្លាក់ចុះអស់ ៣៨%។
ដោយឡែក លោក Prajogo Pangestu ដែលជាមហាសេដ្ឋីមានដាច់គេទី៣ និងធ្លាប់ជាប់ឈ្មោះជាអ្នកមានបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំមុន ឥឡូវនេះបានឃើញទ្រព្យសម្បត្តិរបស់ខ្លួន មានចំនួនប្រមាណ ១៣,២ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះអស់ ៦៧%។ ភាគហ៊ុនក្រុមហ៊ុន Barito Pacific របស់លោក ត្រូវបានគេរាយការណ៍ថាបានថយអស់ ៥៧% ឯណោះ៕

