តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (CIT) បានសម្រេចប្រឆាំងនឹងពន្ធគយនាំចូល ១០% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គណៈកម្មការពាណិជ្ជកម្មកណ្តាល (CIT) នៅថ្ងៃទី៧ ខែឧសភា បានសម្រេចថា ពន្ធនាំចូល ១០% ដែលលោក ត្រាំ កំពុងអនុវត្តទូទាំងពិភពលោក គឺគ្មានមូលដ្ឋានក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តុលាការបានរារាំងពន្ធគយទាំងនេះ សម្រាប់តែអាជីវកម្មខ្នាតតូច ដែលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងពន្ធរបស់លោក ត្រាំ នៅដើមខែមីនា។
មិនតែប៉ុណ្ណោះ ចៅក្រមបានអះអាងថា អាជីវកម្មខ្នាតតូចនៅរដ្ឋភាគច្រើន បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងពន្ធគយដែលដាក់ចេញដោយលោក ត្រាំ ខណៈពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។
លើសពីនេះ អាជីវកម្មនានា បានអះអាងថា ការដាក់ពន្ធថ្មីរបស់លោក ត្រាំ គឺជាមធ្យោបាយមួយដើម្បីគេចវេះការសម្រេចកាលពីខែកុម្ភៈ ដោយតុលាការកំពូលសហរដ្ឋអាមេរិក។ នៅពេលនោះ តុលាការបានបដិសេធពន្ធនាំចូលរបស់លោក ត្រាំ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) រួមទាំងពន្ធសងសឹក និងពន្ធដាច់ដោយឡែកលើប្រទេសម៉ិកស៊ិក កាណាដា និងចិន ផងដែរ។
ជាការឆ្លើយតបទៅវិញ នៅថ្ងៃដដែលនោះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដាក់ពន្ធនាំចូលបន្ថែម ១០% ដោយលើកឡើងពីអំណាចរបស់លោកក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។ គោលបំណងរបស់លោក គឺដើម្បីដោះស្រាយ ឱនភាពពាណិជ្ជកម្ម និងការពារប្រាក់ដុល្លារអាមេរិកពីការធ្លាក់ចុះតម្លៃ។
ទោះជាយ៉ាងណាក៏ដោយ តុលាការបានបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មទំនិញចំនួន ១,២ពាន់ពាន់លានដុល្លារ និងឱនភាពគណនីចរន្ត ៤% ដែលបានលើកឡើងដោយសេតវិមាននោះ គឺជាមូលដ្ឋានមិនគ្រប់គ្រាន់ដើម្បីបង្កឱ្យមានបទប្បញ្ញត្តិដាក់ពន្ធបន្ទាន់នេះនោះទេ។
មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ច និងមេធាវីពាណិជ្ជកម្មមួយចំនួន ថែមទាំងបានអះអាងថា សហរដ្ឋអាមេរិកមិនទាន់ប្រឈមមុខនឹងវិបត្តិជញ្ជីងនៃទូទាត់នៅឡើយទេ ដែលធ្វើឱ្យពន្ធគយថ្មីរបស់លោក ត្រាំ នេះ ទំនងជាប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកច្បាប់ធ្ងន់ធ្ងរ៕

