នាយករដ្ឋមន្ត្រីឥណ្ឌា ណែនាំពលរដ្ឋឲ្យផ្អាកទិញមាស និងកាត់បន្ថយធ្វើដំណើរទៅក្រៅប្រទេស

អន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Naredra Modi បានជំរុញឲ្យប្រជាពលរដ្ឋសន្សំសំចៃប្រេងឥន្ធនៈ ផ្អាកទិញមាស និងកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Secunderabad កាលពីថ្ងៃទី១០ ខែឧសភា លោក Modi បានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវឈរជាមួយរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងហានិភ័យនៃការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ និងការរំខានដល់ការផ្គត់ផ្គង់ថាមពល ដោយការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ និងការធ្វើដំណើររបស់ពួកគេ។

មិនតែប៉ុណ្ណោះ ដោយសង្តក់ធ្ងន់ថា ប្រទេសឥណ្ឌាត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះការការពារទុនបម្រុងប្តូរប្រាក់បរទេសរបស់ខ្លួននៅពេលនេះ លោក Modi ក៏បានជំរុញឱ្យប្រជាពលរដ្ឋចៀសវាងការចំណាយដែលមិនចាំបាច់នៅក្រៅប្រទេស និងពន្យារពេលការទិញមាសយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ការនាំចូលមាសនាពេលនេះ។

គួរឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលជាអ្នកប្រើប្រាស់មាសច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានតម្រូវការប្រហែល ៨០០ តោនក្នុងមួយឆ្នាំ។

លើសពីនេះ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្តល់អាទិភាពដល់ការធ្វើដំណើរក្នុងស្រុក ក៏ដូចជារៀបចំពិធីមង្គលការ និងខួបអាពាហ៍ពិពាហ៍នៅក្នុងប្រទេស ជាជាងចំណាយថវិកាច្រើន ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។

គួរជម្រាបជូនថា ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកប្រមាណជាង ១,៤ ពាន់លាននាក់ ត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមថាមពលដ៏សំខាន់សម្រាប់ពិភពលោក៕​