យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌា គ្មានគម្រោងក្នុងការដំឡើងពន្ធនាំចូលបន្ថែម ដើម្បីទប់ស្កាត់ការប្រើប្រាស់មាស និងប្រាក់ នៅក្នុងស្រុកនោះឡើយ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនល្អ។

ប្រភពដដែលនេះ បានចុះផ្សាយដោយស្រង់ប្រភពចេញពីរដ្ឋាភិបាលឥណ្ឌាថា បច្ចុប្បន្នប្រទេសនេះ គ្មានគម្រោងដំឡើងពន្ធនាំចូលលើមាស និងប្រាក់នោះឡើយ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Narendra Modi បានជំរុញឲ្យពលរដ្ឋផ្អាកទិញមាសរយៈពេលមួយឆ្នាំ ដោយសារតែផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា។
គួរឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសប្រើប្រាស់ប្រាក់ធំជាងគេបំផុតរបស់ពិភពលោក និងជាប្រទេសប្រើប្រាស់មាសធំបំផុតទីពីរផងដែរ។ ពីមុន ការអំពាវនវារបស់លោក Modi ឲ្យផ្អាកការទិញមាសនេះ បានជំរុញឲ្យមានការរំពឹងទុកថា រដ្ឋាភិបាលអាចនឹងដំឡើងពន្ធនាំចូលបន្ថែមទៀតលើលោហៈដ៏មាសតម្លៃនេះ។
គិតក្នុងពេលបច្ចុប្បន្ននេះ មាសដែលនាំចូលទៅក្នុងប្រទេសឥណ្ឌាត្រូវបង់ពន្ធផ្សេងៗ ដែលអាចកើនឡើងដល់ប្រហែល ៦% ក្នុងករណីជាច្រើន។
គួរជម្រាបជូនថា កាលពីថ្ងៃទី១០ ខែឧសភា នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងហៃដឺរ៉ាបាដ លោក Modi បានជំរុញឱ្យពលរដ្ឋផ្អាទិញមាស កាត់បន្ថយការធ្វើពិធីមង្គលការនៅបរទេស និងចៀសវាងការធ្វើដំណើរ ដើម្បីសន្សំសំចៃការចំណាយ។
វិធានការទាំងនេះត្រូវបានណែនាំក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗផ្សេងទៀត ដែលសេដ្ឋកិច្ចឥណ្ឌាកំពុងជួបប្រទះដោយសារតែសង្គ្រាមអ៊ីរ៉ង់។ វិបត្តិថាមពលដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ាកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទុនបម្រុងប្តូរប្រាក់បរទេស និងប្រាក់រូពីរបស់ប្រទេសនេះ៕

