ខណៈពេលដែលច្បាប់កាត្វកិច្ចយោធាហាក់ត្រូវបានគេបំភ្លេចចោលនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក ប៉ុន្តែសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនធំ នៅតែបន្តអនុវត្ត ឬមានគម្រោងក្នងការដាក់ការបម្រើយោធាជាកាតព្វកិច្ច ដោយមានច្បាប់ និងពេលវេលានៃការអនុវត្តទៅតាមប្រទេសនីមួយៗ រៀងខ្លួន។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដែលបានអនុវត្តច្បាប់កាតព្វកិច្ចយោធារបស់ខ្លួន៖
វៀតណាម
វៀតណាមបានរក្សាបាននូវប្រព័ន្ធចូលបម្រើកងទ័ពដែលមានអាយុកាលយូរបំផុតមួយនៅក្នុងតំបន់។ ការចូលបម្រើកងទ័ព គឺជាកាតព្វកិច្ចសម្រាប់បុរសសម្រាប់រយៈពេលកំណត់មួយ ដែលជាធម្មតាមានរយៈពេលចាប់ពី ១៨ ទៅ ២៤ខែ ដោយអាស្រ័យទៅលើសាខាយោធា។ គោលនយោបាយនេះ គឺបានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រទេស លើការការពារជាតិ និងកាតព្វកិច្ចស៊ីវិល។
ថៃ
ការចូលបម្រើកងទ័ពរបស់ប្រទេសថៃគឺមានលក្ខណៈប្លែកពីគេ ដែលវាពាក់ព័ន្ធនឹងប្រព័ន្ធឆ្នោត។ រាល់បុរសថៃទាំងអស់ដែលមានអាយុ ២១ឆ្នាំ ត្រូវបានតម្រូវឱ្យរាយការណ៍សម្រាប់ការជ្រើសរើសចូលបម្រើកងទ័ព។ អ្នកខ្លះត្រូវបានលើកលែង ខណៈពេលដែលអ្នកខ្លះទៀតត្រូវបានជ្រើសរើសដោយផ្អែកលើការចាប់ឆ្នោតក្រហម ឬខ្មៅ។ ដំណើរការនេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកជាសាធារណៈជាយូរមកហើយ។
សិង្ហបុរី
សិង្ហបុរីអនុវត្តប្រព័ន្ធចូលបម្រើកងទ័ពដែលមានរចនាសម្ព័ន្ធច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ពលរដ្ឋប្រុស និងអ្នករស់នៅអចិន្ត្រៃយ៍ទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចបម្រើជាតិរយៈពេលពីរឆ្នាំ នៅពេលឈានដល់អាយុ ១៨ឆ្នាំ។ នេះរួមបញ្ចូលទាំងការបម្រើក្នុងជួរកងទ័ព ប៉ូលីស ឬកងកម្លាំងការពារជនស៊ីវិល បន្ទាប់មកដោយកាតព្វកិច្ចបម្រុងជាច្រើនឆ្នាំ។
មីយ៉ាន់ម៉ា

នៅដើមឆ្នាំ២០២៤ មីយ៉ាន់ម៉ាបានធ្វើឱ្យច្បាប់ចូលបម្រើកងទ័ពដែលអសកម្មយូរអង្វែងហើយរបស់ខ្លួន សកម្មឡើងវិញ ក្នុងអំឡុងពេលជម្លោះផ្ទៃក្នុងដែលកំពុងបន្ត។ ច្បាប់នេះតម្រូវឱ្យបុរសដែលមានអាយុពី ១៨-៣៥ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨-២៧ ឆ្នាំចូលបម្រើកងទ័ព។ តែទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះ បានបង្កើនការព្រួយបារម្ភពីអ្នកសង្កេតការណ៍សិទ្ធិមនុស្សដោយសារតែអស្ថិរភាពនយោបាយរបស់ប្រទេស។
កម្ពុជា
កម្ពុជា ទើបតែសម្រេចអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយរបស់រដ្ឋសភា កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ។ សេចក្តីព្រាងច្បាប់នេះ បានកំណត់ចំពោះពលរដ្ឋខែ្មរគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ហើយចំពោះស្ត្រីវិញ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
គួរជម្រាបផងដែរថា កាលពីឆ្នាំ២០០៦ កម្ពុជាធ្លាប់មានច្បាប់ស្ដីពីកាតព្វកិច្ចយោធារួចហើយ ប៉ុន្តែពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយ សម្រាប់ស្ថានភាពបច្ចុប្បន្ននោះឡើយ៕

