មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញមុខកូនប្រុសរបស់ខ្លួនម្នាក់ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ អំឡូងដំណើរទេស្សនកិច្ចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសចិន។

លោក Musk បានដឹកដៃកូនប្រុសរបស់លោកម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា X Æ A-Xii Musk មានអាយុ ៦ឆ្នាំ ដែលជាកូនរបស់លោក ជាមួយអតីតមិត្តស្រី តារាចម្រៀង Crimes ទៅកាន់សាលប្រជុំ Great Hall of People ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអមប្រធានាធិបតី លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិន។
យ៉ាងណាមិញ Æ A-Xii Musk គឺជាកូនម្នាក់ ក្នុងចំណោមកូនៗរបស់លោក Musk ដទៃទៀតដែលមានចំនួនរហូតដល់ ១៤ នាក់ឯណោះ ជាមួយម្តាយផ្សេងៗ គ្នា។

បើតាមគេហទំព័រ Hollywood Life បានចុះផ្សាយថា លោក Elon Musk បានរៀបការជាមួយអ្នកនិពន្ធជនជាតិកាណាដាលោកស្រី Justin Wilson នៅក្នុងឆ្នាំ២០០០ ហើយត្រូវបានលែងលះគ្នានៅឆ្នាំ២០០៨ អំឡុងពេលនោះពួកគេមានកូនជាមួយគ្នាដល់ទៅ ៥នាក់ តែជាអកុសលកូនដំបូងរបស់អ្នកទាំងពីរ ក៏ត្រូវបានបាត់បង់ជីវិតបន្ទាប់ពីកើតបានរយៈពេល ១០សប្តាហ៍។ តែទោះបីជាយ៉ាងណានៅឆ្នាំ២០០៤ អ្នកទាំងពីរមានកូនភ្លោះចំនួនពីរនាក់ និងមានកូនភ្លោះរហូតដល់ទៅបីនាក់ថែមទៀតនៅឆ្នាំ២០០៦ ។
បន្ទាប់ពីលែងលះលោក Elon Musk ក៏បានរៀបការជាមួយតារាសម្តែងស្រី Talulah Riley ដល់ពីរលើកពោលអាពាហ៍ពិពាហ៍ដំបូងមានរយៈពេលចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ហើយអាពាហ៍ពិពាហ៍លើកទីពីរគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ។ ថ្វីត្បិតថាបែបនេះមែន តែអ្នកទាំងពីរមិនមានកូនជាមួយនឹងគ្នានោះឡើយ។
ក្រោយមក លោកក៏មានកូនប្រុសស្រីបីនាក់បន្ថែមទៀត ជាមួយតន្ត្រីករជនជាតិកាណាដាដែលមានឈ្មោះថា Grimes ក្នុងនោះក៏រួមទាំង Æ A-Xii Musk ដែលលោក Musk បានបង្ហាញមុខនៅចិន ផងដែរ។ លើសពីនោះ លោក Elon Musk ក៏ទទួលបានកូនភ្លោះចំនួនពីរនាក់ជាលើកទីបី ជាមួយនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Neuralink អ្នកនាង Shivon Zilis ក្នុងឆ្នាំ២០២១ និងបន្តបង្កើតបានកូនពីររូបទៀត នៅឆ្នាំ២០២៤។
ក្រៅពីនោះ លោក Musk កាលពីពេលកន្លងទៅក៏ធ្លាប់មានរឿងអាស្រូវថាបានទាក់ទងជាមួយអ្នកកាសែតល្បីឈ្មោះ គឺអ្នកនាង Ashley St. Clair ហើយត្រូវបានគេរាយការណ៍ថាមានកូនម្នាក់ទៀតផងដែរ នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែហាក់មិនមានព័ត៌មានផ្លូវការណាមួយបានបញ្ជាក់ពីរឿងនេះនោះឡើយ៕

