តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ២% នៅក្នុងការជួញដូរដំបូង នៅថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការវាយប្រហារដែលបានគ្រោងទុកលើអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឲ្យមានការចរចាបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៣,០១ដុល្លារ ឬ ២,៧ភាគរយ មកនៅត្រឹម ១០៩ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ១,៣៨ដុល្លារ ឬ ១,៣% មកនៅត្រឹម ១០៧,២ដុល្លារ។ តម្លៃប្រេងឆៅស្តង់ដារទាំងពីរ បានឈានដល់កម្រិតខ្ពស់បំផុតមួយ គិតចាប់តាំងពីថ្ងៃទី៥ ខែឧសភា នៅក្នុងការជួញដូរវគ្គមុនៗ។
ជុំវិញការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីលោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា មានឱកាសល្អដែលសហរដ្ឋអាមេរិក អាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីរារាំងប្រទេសនេះ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ក្រោយប្រកាសពីការផ្អាកសកម្មភាពយោធា ដើម្បីអនុញ្ញាតឲ្យមានការចរចា។
គួរជម្រាបជូនផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយដែលដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសកល ដោយបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់៕

