ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Gan Kim Yong បាននិយាយនៅថ្ងៃពុធថា ធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី គួរតែប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើតការងារឲ្យកាន់តែល្អប្រសើរ និងបណ្តុះបណ្តាលបុគ្គលិកសម្រាប់តួនាទីដែលមានតម្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Gan បែបនេះ បានកើតឡើងនៅត្រឹមមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Standard Chartered បាននិយាយថា ខ្លួននឹងកាត់បន្ថយការងារជាង ៧ ០០០ កន្លែងក្នុងរយៈពេលបួនឆ្នាំខាងមុខ ដើម្បីផ្តោតទៅលើ AI។
យ៉ាងណាមិញ បើតាមលោក Georges Elhedery នាយកប្រតិបត្តិក្រុមហ៊ុន HSBC បាននិយាយផងដែរថា AI ដែលបង្កើតថ្មីនឹងបំផ្លាញការងារមួយចំនួន និង បង្កើតឱកាសការងារថ្មី ខណៈលោកក៏បានជំរុញឲ្យបុគ្គលិកក្រុមហ៊ុននានា ទទួលយកការផ្លាស់ប្តូរទាំងនេះ។
យោងតាមរបាយការណ៍របស់ DBS បានចាត់ថ្នាក់សិង្ហបុរី ជាប្រទេសទីបីក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុ AI បំផុតចំនួន១៥ ដោយតាមពីក្រោយតែទីក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ ប៉ុណ្ណោះ។
លោក Gan បាននិយាយថា ដំណាក់កាលបន្ទាប់របស់ប្រទេសសិង្ហបុរីក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនឹងអាស្រ័យលើការផ្លាស់ប្តូរ AI ពីការពិសោធទៅជាការទទួលយកទូទាំងសហគ្រាស ដោយធានាថាវានឹងជួយបង្កើតការងារល្អៗ និងកសាងទំនុកចិត្ត សុវត្ថិភាព និងសន្តិសុខទៅជាវិធីដែល AI ត្រូវបានអភិវឌ្ឍ និងប្រើប្រាស់ក្នុងពេលអនាគត៕

