ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពដែលលោកមិនអាចចូលរួមនៅក្នុងពិធីមង្គលការលើកទីពីររបស់កូនប្រុសរបស់លោក គឺ Donald Trump Jr. ខណៈពេលដែលលោកកំពុងផ្តោតសំខាន់លើការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងរៀបការជាមួយគូដណ្តឹងរបស់លោក គឺអ្នកនាង Bettina Anderson នៅប្រទេសបាហាម៉ាស នៅចុងសប្តាហ៍នេះ។ នេះនឹងក្លាយជាពិធីមង្គលការលើកទីពីរហើយរបស់លោក Donald Jr. បន្ទាប់ពីលែងលះជាមួយអតីតភរិយា អ្នកនាង Vanessa Trump ក្នុងឆ្នាំ២០១៨។
យ៉ាងណាមិញ ដោយបានប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅសេតវិមាននៅថ្ងៃទី២១ ខែឧសភា ជុំវិញពិធីមង្គលការនេះ លោក ត្រាំ បាននិយាយថា ៖” កូនប្រុសខ្ញុំចង់ឲ្យខ្ញុំនៅទីនោះ។ នេះជាពិធីមង្គលការតូចមួយ និងលក្ខណៈឯកជន ហើយខ្ញុំនឹងព្យាយាម ដើម្បីចូលរួម។ តែខ្ញុំត្រូវតែនិយាយថា វាមិនងាយស្រួលនៅពេលនេះទេ។ ខ្ញុំត្រូវដោះស្រាយបញ្ហាអ៊ីរ៉ង់ និងរឿងជាច្រើនទៀត”។
គួរជម្រាបជូនផងដែរថា ពិធីមង្គលការនេះកើតឡើង ចំពេលកំពុងមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់លោក ត្រាំ ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះដែលបានផ្ទុះឡើងនៅចុងខែកុម្ភៈ៕

