ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ិរ៉ង់ ដែលរួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺខិតជិតបញ្ចប់ហើយ និងកំពុងរង់ចាំជំហានចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី២៣ ខែឧសភាថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប្រទេសជាច្រើនទៀតកំពុងរង់ចាំការបញ្ចប់។ ក្នុងចំណោមកត្តាផ្សេងទៀត ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញ។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា រួមជាមួយប្រទេសទួរគី និងប៉ាគីស្ថាន កំពុងដើរតួជាអ្នកសម្របសម្រួល នៅក្នុងកិច្ចចរចានេះ។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីមន្ត្រីអ៊ីរ៉ង់បាននិយាយថា ការខ្វែងគំនិតគ្នានៅតែមានរវាងភាគីទាំងពីរ ដោយសង្កត់ធ្ងន់ថា ជម្លោះលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នឹងមិនត្រូវបានរាប់បញ្ចូលក្នុងដំណាក់កាលដំបូងនៃការចរចានោះទេ។ ជាមួយគ្នានេះ អ៊ីរ៉ង់បាននិយាយថា ខ្លួនកំពុងបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌ ១៤ ចំណុច។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានកត់សម្គាល់នៅថ្ងៃទី២៣ ខែឧសភាថា ភាគីទាំងពីរកំពុងមានការពិភាក្សាយ៉ាងល្អ ប៉ុន្តែបានបន្ថែមថា នេះមិនមានន័យថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗ គ្រប់យ៉ាងនោះទេ។ លោក Baqaei បានសម្តែងក្តីសង្ឃឹមទៀតថា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងចុងក្រោយអាចត្រូវបានបញ្ចប់ក្នុងរយៈពេលសមស្របពី ៣០-៦០ថ្ងៃ បន្ទាប់ពីក្របខ័ណ្ឌត្រូវបានព្រមព្រៀងគ្នា៕

