បុរសខ្លាំងពូទីន ជូនសត្វខ្លា ៤ ក្បាលជាអំណោយដល់ប្រទេសកាហ្សាក់ស្ថាន មុនដំណើរទស្សនកិច្ច

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជូនខ្លា Amur ចំនួន ៤ ក្បាល ជាអំណោយទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅមុនពេលលោកត្រូវទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃទី២៦ ខែឧសភា លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនខ្លា Amur ចំនួនបួនក្បាលដែលចាប់បាននៅតំបន់ព្រំដែន ទៅកាន់ប្រទេសកាហ្សាក់ស្ថានវិញ តាមរយៈផ្លូវអាកាស។

ក្នុងចំណោមខ្លា ៤ ក្បាលនោះ មានកូនខ្លាចំនួនពីរ ដែលត្រូវផ្តល់ជូន ដើម្បីជួយប្រទេសកាហ្សាក់ស្ថានស្តារចំនួនខ្លារបស់ខ្លួនឡើងវិញ។ ខ្លាទាំងបួនក្បាលត្រូវបានគេរំពឹងថានឹងត្រូវបានដោះលែងចូលទៅក្នុងព្រៃវិញ ក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ ជុំវិញប្រកាសពីការជូនអំណោយជាសត្វខ្លា ដល់ប្រទេសកាហ្សាក់ស្ថាននេះ ត្រូវបានធ្វើឡើងមុនពេល លោក ពូទីន ទៅបំពេញទស្សនកិច្ចក្នុងប្រទេសអាស៊ីកណ្តាល នៅសប្តាហ៍នេះ។ ប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសសម្បូរទៅដោយធនធាន មានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ នៅក្នុងតំបន់នេះផងដែរ។

គួរជម្រាបជូនផងដែរថា នេះហាក់មិនមែនជារឿងចម្លែកនោះឡើយ ដែលលោក ពូទីន តែងជូនអំណោយជាសត្វទៅកាន់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។ ដោយនៅឆ្នាំ២០២២ ប្រទេសរុស្ស៊ី ក៏បានបញ្ជូនសេះពូជចំនួន ៣០ ក្បាលទៅកាន់ប្រទេសកូរ៉េខាងជើង ចំពេលមានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕