តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើង ២% បន្ថែមទៀត នៅក្នុងវគ្គជួញដូរដំបូងនៅថ្ងៃចន្ទ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ជាឲ្យកងទ័ពផ្លាស់ទីបន្ថែមទៀតចូលកាន់ទៅជ្រៅទៅក្នុងប្រទេសលីបង់ ក្នុងសមរភូមិប្រយុទ្ធជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាមេរិក (WTI) បានកើនឡើង ២,៣៧ដុល្លារ ឬ ២,៧១% ដល់ ៨៩,៧៣ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ Brent បានកើនឡើង ២,១៦ដុល្លារ ឬ ៣,៣៧% ដល់ ៩៣,២៨ដុល្លារក្នុងមួយបារ៉ែល។
គួរឲ្យដឹងផងដែរថា មុនពេលមានការហក់ឡើងជាថ្មីនេះ ប្រេងឆៅប្រភេទ Brent និង WTI បានធ្លាក់ចុះ ១,៨% និង ១,៧% រៀងៗគ្នា កាលពីថ្ងៃសុក្រ ដោយសារតែមានការរំពឹងទុកថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយគ្នា។
យ៉ាងណាមិញ ជម្លោះអ៊ីស្រាអែល-លីបង់ គឺជាការរីករាលដាលយ៉ាងទូលំទូលាយបំផុតនៃសង្គ្រាមអ៊ីរ៉ង់។ វាបានចាប់ផ្តើមនៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានចាប់ផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីរ៉ង់៕

