តម្លៃមាសសកលកំពុងធ្លាក់ចុះយ៉ាងខ្លាំងដល់ជិត ១៥០ដុល្លារ ក្នុងមួយអោន នៅក្នុងការជួញដូរចុងក្រោយមួយ នៅសប្តាហ៍នេះ ដែលជំរុញឲ្យតម្លៃរបស់វាធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីចុងខែមីនាមក។ នេះបបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយនៅចុងសប្តាហ៍នេះ តម្លៃមាសបានធ្លាក់ចុះអស់ ៤,៣% ឬប្រមាណ ១៤៦ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ៣២៨ដុល្លារក្នុងមួយអោន ដែលនេះគឺជាកម្រិតទាបបំផុត ក្នងរយៈពេល ២ខែចុងក្រោយ។
ជុំវិញតម្លៃធ្លាក់ចុះនេះបានកើតឡើង ដោយសារតែមានរបាយការណ៍ការងារសហរដ្ឋអាមេរិកមានភាពរឹងមាំខ្លាំងជាងការរំពឹងទុក សម្រាប់ខែឧសភា ខណៈពេលដែលធនាគារកណ្តាលអាមេរិក Fed អាចនឹងបន្តរក្សាអត្រាការប្រាក់ឲ្យខ្ពស់ក្នុងរយៈពេលយូរទៀត។ មិនតែប៉ុណ្ណោះ វាក៏មានក្តីបារម្ភអំពីការកើនឡើងនៃអតិផរណាទូទាំងពិភពលោក ដែលកំពុងកើនឡើង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ផងដែរ។
គួរជម្រាបជូនផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា នៅចុងខែកុម្ភៈមក តម្លៃមាសបានធ្លាក់ចុះជិត ២០%។ ជម្លោះនេះបានជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង និងបង្កើនការព្រួយបារម្ភអំពីអតិផរណា និងអត្រាការប្រាក់កើនឡើង៕

