យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍នានាលើពិភពលោក អាចនឹងត្រូវចំណាយបន្ថែមទៅលើប្រេងឥន្ធនៈរហូតដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយសារតែតម្លៃបានហក់ឡើងខ្ពស់ដែលត្រូវបានជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Willie Walsh អគ្គនាយកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករនៅថ្ងៃទី៧ ខែមិថុនាថាតម្លៃប្រេងឥន្ធនៈអាកាសចរណ៍ជាមធ្យមនៅឆ្នាំនេះ នឹងខ្ពស់ជាង ៧០% បើធៀបទៅនឹងឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ទៀតថា ជុំវិញការកើនឡើងយ៉ាងខ្លាំងនេះ នឹងបន្ថែមប្រហែល ១០០ពាន់លានដុល្លារទៅលើថ្លៃប្រេងឥន្ធនៈរបស់ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក។
សមាគម IATA ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ៣៧០ ឬស្មើទៅនឹងប្រមាណ ៨៥% នៃចរាចរណ៍ផ្លូវអាកាសសកលសរុប ទើបតែបានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ប្រាក់ចំណេញសុទ្ធរបស់ឧស្សាហកម្មនៅឆ្នាំនេះ មកត្រឹម ២៣ពាន់លានដុល្លារ ដែលជាការថយចុះគួរឱ្យកត់សម្គាល់ពីការព្យាករពីមុនរបស់ខ្លួន ចំនួន ៤១ពាន់លានដុល្លារ ។
យោងតាម IATA បានបង្ហាញឲ្យដឹងទៀតថា ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលក្នុងខែមីនា ខណៈដែលតម្លៃប្រេងឥន្ធនៈយន្តហោះបានកើនឡើងដល់ ១០៣% បើប្រៀបធៀបទៅនឹងខែកុម្ភៈ។
ទន្ទឹមនឹងនេះ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានរាយការណ៍ថា តម្លៃប្រេងឥន្ធនៈសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានកើនឡើងជាង ៥៦,៤% ក្នុងខែមីនា បើប្រៀបធៀបទៅនឹងខែកុម្ភៈ។ នៅខែមេសា ការចំណាយលើប្រេងឥន្ធនៈបានកើនឡើងលើសពី ៥ពាន់លានដុល្លារ ដែលជាការកើនឡើង ៣០% ពីខែមីនា។
អគ្គនាយក IATA ជឿជាក់ថានៅឆ្នាំនេះ និងឆ្នាំក្រោយ ក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួនអាចនឹងត្រូវក្ស័យធន ឬត្រូវបានទិញយកដោយក្រុមហ៊ុនអាកាសចរណ៍ធំៗ ដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ។ ឧទាហរណ៍ ក្រុមហ៊ុន Spirit Airlines (សហរដ្ឋអាមេរិក) ដែលបានបញ្ឈប់ប្រតិបត្តិការកាលពីខែមុន បានក្លាយជាជនរងគ្រោះដំបូងនៃជម្លោះអ៊ីរ៉ង់នេះ៕

