ក្រុមហ៊ុន SpaceX របស់ Elon Musk រៃអង្គាសបានទឹកប្រាក់បំបែកកំណត់ត្រា ៧៥ពាន់លានដុល្លារ តាមរយៈ IPO របស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានបញ្ចប់បិទបញ្ចប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) របស់ខ្លួន នៅក្នុងតម្លៃ ១៣៥ដុល្លារ ក្នុងមួយហ៊ុន ដោយរៃអង្គាសជាទឹកប្រាក់បាន ៧៥ពាន់លានដុល្លារ និងបានជាប់ជា IPO ដែលមានតម្លៃដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តទីផ្សារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន ​​Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរ៉ុក្កែត និងយានអវកាសរបស់លោក Elon Musk បានកំណត់តម្លៃសម្រាប់បិទបញ្ចប់ IPO របស់ខ្លួន នៅថ្ងៃទី១១ ខែមិថុនា។ ការផ្តល់ជូននេះ បានជួយ SpaceX រៃអង្គាសប្រាក់បានក្នុងចំនួនកំណត់ត្រា ៧៥ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុនសរុបចំនួន ៥៥៥,៥៦ លានហ៊ុន។

ជាលទ្ធផល តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន SpaceX បានឈានដល់ ១,៧៧ទ្រីលានដុល្លារ។ នេះក៏ជាការវាយតម្លៃខ្ពស់បំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនមួយលើការចេញលក់ IPO ជាលើកដំបូងរបស់ខ្លួន ផងដែរ។

គួរជម្រាបជូនថា នៅពេលដែល ចាប់ផ្តើមជួញដូរនៅលើទីផ្សារហ៊ុន Nasdaq នៅថ្ងៃទី១២ ខែមិថុនា SpaceX នឹងក្លាយជាក្រុមហ៊ុនធំបំផុតទី៧ ដោយផ្អែកតាមតម្លៃមូលធនទីផ្សារ នៅសហរដ្ឋអាមេរិក។ ជាមួយនឹងការវាយតម្លៃនេះ SpaceX បានវ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើនដូចជា JPMorgan Chase, Berkshire Hathaway, Eli Lilly, Meta Platforms និងសូម្បីតែ Tesla ដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលគ្រប់គ្រងដោយ Elon Musk ផងដែរ៕​