នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សារភាពថាមានភាពល្អក់កករជាមួយលោក ត្រាំ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ីរ៉ង់

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ិស្រាអែល លោក Benjamin Netanyahu ថ្មីៗនេះបានចេញមុខនិយាយជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបញ្ជាក់ថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនដែលតែងតែមើលមុខគ្នាចំរហូតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Netanyahu បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅល្ងាចថ្ងៃទី១៥ ខែមិថុនាថា ៖”លោក ត្រាំ និងខ្ញុំមិនដែលតែងតែមើលមុខគ្នាចំរហូតនោះទេ។ គាត់ជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយខ្ញុំជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ ខ្ញុំទទួលខុសត្រូវចំពោះផលប្រយោជន៍សន្តិសុខរបស់អ៊ីស្រាអែល ហើយត្រូវធ្វើវាដោយឈ្លាសវៃ”។

ទន្ទឹមនឹងនេះ នៅពេលត្រូវបានសួរនាំថា តើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុយនឹងជំហររបស់លោកដែរឬអត់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ មិនបានឆ្លើយដោយផ្ទាល់ទេ ប៉ុន្តែបានសង្កត់ធ្ងន់លើទំនាក់ទំនងយូរអង្វែងរបស់លោក ជាមួយប្រធានាធិបតី ត្រាំ ទៅវិញ។

មិនតែប៉ុណ្ណោះ លោក Netanyahu ក៏បានចៀសវាងការលើកឡើងដោយផ្ទាល់អំពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយផ្តោតជំនួសវិញលើអ្វីដែលលោកបានពិពណ៌នាថាជា សមិទ្ធផលដ៏អស្ចារ្យពីយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

លោកថែមទាំងបានមានប្រសាសន៍ទៀតថា ៖”ទោះបីជាមានកិច្ចព្រមព្រៀងឬអត់ក៏ដោយ អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ ទាំងក្នុងពេលឥឡូវនេះ ឬនាពេលអនាគត។ ដរាបណាខ្ញុំជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល រឿងនោះនឹងមិនកើតឡើងទេ”។

មេដឹកនាំរូបនេះ ក៏បានបញ្ជាក់ថាការតស៊ូនៅមិនទាន់ចប់ទេ ដោយបន្ថែមថាប្រទេសរបស់ខ្លួននៅតែត្រូវប្រុងប្រយ័ត្ន រឹងមាំ និងប្តេជ្ញាការពារខ្លួនឯង នៅពេលចាំបាច់។

គួរជម្រាបជូនផងដែរថា លោក ត្រាំ​ ពីមុនធ្លាប់បានរិះគន់នាយករដ្ឋមន្ត្រី លោក Netanyahu ចំពោះការវាយប្រហារនៅថ្ងៃទី១៤ ខែមិថុនា ទៅលើទីក្រុងបេរូត ប្រទេសលីបង់ ដោយអះអាងថាវាបានធ្វើឱ្យកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាប់គាំងអស់រយៈពេលជាច្រើនម៉ោង។ មេដឹកនាំអាមេរិករូបនេះ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនដឹងពីរបៀបវាយតម្លៃស្ថានភាពនោះទេ៕​