កំពូលមហាសេដ្ឋីរបស់ពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានកើបបានប្រាក់ចំណូលបានដល់ទៅ ១៦០ពាន់លានដុល្លារ នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានកើនឡើងជិត ២០% នៅក្នុងការជួញដូរ កាលពីពេលថ្មីៗនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន Elon Musk មានទ្រព្យសម្បត្តិសរុបប្រហែល ១,៣ទ្រីលានដុល្លារ។ ក្នុងនោះលោកបានបន្ថែមលុយជិត ១៦៥ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ខ្លួន នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដែលបានមកពីការកើនឡើងនៃភាគហ៊ុន SpaceX។
គួរឲ្យដឹងថា នៅពេលបិទការជួញដូរនៅថ្ងៃចន្ទ ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX បានកើនឡើង ១៩,៦% ដល់ ១៩២,៥០ដុល្លារក្នុងមួយហ៊ុន។ នេះគឺជាវគ្គជួញដូរពេញលេញលើកដំបូងសម្រាប់ភាគហ៊ុនរបស់ SpaceX គិតចាប់តាំងពីចេញលក់ IPO លើកដំបូងរបស់ខ្លួនកាលពីចុងសប្តាហ៍មុន។
ជម្រាបជូនថា ភាគហ៊ុនរបស់ក្រុមហ៊ុន គឺជាប្រភពទ្រព្យសម្បត្តិចម្បងរបស់លោក Musk។ បច្ចុប្បន្នលោកជាប្រធាន នាយកប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ SpaceX ដោយកាន់កាប់ភាគហ៊ុនចំនួន ៤,៨ ពាន់លានហ៊ុនរបស់ក្រុមហ៊ុន បូករួមទាំងជម្រើសក្នុងការទិញភាគហ៊ុនចំនួន ៣៥០ លានហ៊ុនផ្សេងទៀត។ សរុបមក មហាសេដ្ឋីរូបនេះបច្ចុប្បន្នមានភាគហ៊ុនចំនួន ៣៨% របស់ SpaceX ខណៈលោកក៏ជាម្ចាស់ភាគហ៊ុនប្រហែល ១០% នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែរ៕

