ទីក្រុងតេអេរ៉ង់ បានប្រកាសបិទច្រកសមុទ្រ Hormuz សារជាថ្មី ដោយសារតែមានការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើភាគខាងត្បូងនៃប្រទេសលីបង់ ហើយថែមទាំងបានចោទប្រកាន់សកម្មភាពនេះថា បានរំលោភលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទើបតែចរចាគ្នាកាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

បញ្ជាការកណ្តាល Khatam al-Anbiya ដែលជាបញ្ជាការកំពូលនៃយោធាអ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី២១ មិថុនាថា ៖”យើងប្រកាសថាច្រកសមុទ្រ Hormuz នឹងត្រូវបិទសម្រាប់កប៉ាល់ទាំងអស់។ នេះជាជំហានដំបូងក្នុងការឆ្លើយតបទៅនឹងការសន្យាដែលសត្រូវបានមិនគោរព”។
មិនតែប៉ុណ្ណោះ ទីក្រុងតេអេរ៉ង់ បានពន្យល់ទៀតថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅពេលដែលអ៊ីស្រាអែលបន្តការវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់ ដោយពណ៌នាថាវាជាការរំលោភលើកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា ប្រសិនបើភាគីទាំងនោះបដិសេធមិនបំពេញកាតព្វកិច្ចរបស់ពួកគេ ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបជាមួយនឹងវិធានការចាំបាច់។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនត្រូវបានអនុវត្តឡើយ។
គួរជម្រាបជូនផងដែរថា អ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រនេះឡើងវិញក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងអ៊ីរ៉ង់ និងអៀរឡង់នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់លើគ្រប់វិស័យ រួមទាំងនៅលីបង់ផងដែរ។ ការដឹកជញ្ជូនតាមសមុទ្របានចាប់ផ្តើមដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

