តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក បន្តធ្លាក់ចុះអស់រយៈពេលប្រាំមួយសប្តាហ៍ជាប់ៗគ្នា

អន្តរជាតិ

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងផ្តល់សញ្ញាវិជ្ជមានសម្រាប់ជនជាតិអាមេរិក ដោយសារតម្លៃប្រេងសាំងបានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគេហទំព័រតាមដានតម្លៃប្រេងឥន្ធនៈ GasBuddy នៅថ្ងៃទី២២ ខែមិថុនា បានបង្ហាញថា តម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ០,១៤ដុល្លារកាលពីសប្តាហ៍មុន មកនៅត្រឹម ៣,៨៥ដុល្លារក្នុងមួយហ្គាឡុង (១,០២ដុល្លារក្នុងមួយលីត្រ)។

នេះគឺជាសប្តាហ៍ទីប្រាំមួយជាប់ៗគ្នាហើយដែលតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ឥឡូវនេះប្រេងសាងមានតម្លៃទាបជាងកម្រិតកំពូលកាលពីខែមុន ប្រហែល ១៥%។

គួរឲ្យដឹងថា ជុំវិញការវិវត្តនេះអាចបន្ធូរបន្ថយសម្ពាធលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមាជិកសភានៃបក្សសាធារណរដ្ឋ ដែលកំពុងខិតខំការពារសំឡេងឆ្នោតភាគច្រើនរបស់ពួកគេនៅក្នុងសភា មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវធ្វើឡើងនៅខែវិច្ឆិកា បន្ទាប់ពីបានប្រឈមមុខទៅនឹងការរិះគន់របស់អ្នកប្រើប្រាស់ លើការចំណាយដ៏ខ្ពស់នៃការរស់នៅ។

ជម្រាបជូនថា ចាប់តាំងពីមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មក នាវាដឹកប្រេងឆៅមួយចំនួន បានឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញបាន ដែលជាសញ្ញានៃការឈានទៅរកការបើកច្រកសមុទ្រដ៏សំខាន់នេះទាំងស្រុងឡើងវិញ៕​