សង្គ្រាមចាប់ផ្តើមជាថ្មី ក្រោយអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាមេរិក ដើម្បីជាការសងសឹក

អន្តរជាតិ

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថាខ្លួនបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែត និងបារ៉ែន ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាមេរិកមកលើខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កង IRGC បានប្រកាសនៅថ្ងៃទី២៨ ខែមិថុនាថា កងទ័ពជើងទឹក និងកងទ័ពអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបើកការវាយប្រហាររួមគ្នាជាមួយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក (UAV) ដោយកំណត់គោលដៅលើមូលដ្ឋានយោធាសំខាន់ៗចំនួនប្រាំបីរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋាន Ali Al-Salem ក្នុងប្រទេសគុយវ៉ែត និងទីស្នាក់ការកណ្តាលនៃកងនាវាទី៥ នៅ Salman ប្រទេសបារ៉ែន។

IRGC បាននិយាយថាគោលដៅទាំងអស់ត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់ ដែលជាការសងសឹកចំពោះការវាយប្រហារពីមុនរបស់សហរដ្ឋអាមេរិក។ យោងតាមប្រភពដដែលបានបង្ហាញទៀតថា សហរដ្ឋអាមេរិកបានរំលោភលើទំនុកចិត្ត និងសន្ធិសញ្ញាដោយកំណត់គោលដៅលើប៉ុស្តិ៍ឆ្នេរសមុទ្រអ៊ីរ៉ង់ចំនួនប្រាំក្រោមលេសថា “កងទ័ពជើងទឹក IRGC កំពុងគ្រប់គ្រងលើនាវាចម្បាំងដែលអាចបង្កជាហានិភ័យ”។

មិនតែប៉ុណ្ណោះ IRGC ក៏បានព្រមានទៀតផងដែរថា ការរំលោភលើបទឈប់បាញ់នឹងផ្ទុយពីបទប្បញ្ញត្តិទីមួយនៃកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលប្រឈមនឹងការបញ្ឈប់ទាំងស្រុងចំពោះការចរចាដែលកំពុងដំណើរការទាំងអស់ នាពេលបច្ចុប្បន្ននេះ៕