រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងហាមឃាត់ម៉ាកយីហោរថយន្ត Polestar របស់ប្រទេសស៊ុយអែត មិនឲ្យលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំក្រោយទៅ ដោយសារតែពួកគេមានទំនាក់ទំនងជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Cnet។

យោងតាមរបាយការណ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថានឹងមិនផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Polestar លក់រថយន្តម៉ូដែលថ្មីៗទៀតនោះឡើយ ចាប់ពីឆ្នាំ២០២៧ ដោយសារតែការព្រួយបារម្ភអំពីបច្ចេកវិទ្យាមួយចំនួនដែលផលិតនៅក្នុងប្រទេសចិន។
យ៉ាងណាមិញ ជុំវិញបញ្ហាស្នូលនោះគឺថា Polestar ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volvo ដែលត្រូវបានទិញដោយក្រុមហ៊ុនចិន Geely ពីក្រុមហ៊ុន Ford នៅក្នុងឆ្នាំ២០១០។
បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ខាងក្រុមហ៊ុន Polestar ក៏បានប្រកាសដកខ្លួនចេញពីទីផ្សារសហរដ្ឋអាមេរិកផងដែរ និងបានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅអឺរ៉ុបវិញ។ នៅសហរដ្ឋអាមេរិក ពួកគេនឹងបន្តលក់រថយន្តម៉ូដែល Polestar 3 និង Polestar 4 ដែលនៅសេសសល់ប៉ុណ្ណោះ។
គួរជម្រាបជូនថា ការហាមឃាត់លើ Polestar មិនត្រូវបានបង្ហោះនៅលើគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រសួងពាណិជ្ជកម្មអាមរិកនោះទេ ប៉ុន្តែវាស្របនឹងការណែនាំរបស់ក្រសួងក្នុងការគ្រប់គ្រងបច្ចេកវិទ្យាពីប្រទេសចិន។ នៅខែនេះ ក្រសួងក៏បានពិន័យក្រុមហ៊ុន Bosch ចំនួន ៣៦លានដុល្លារ ចំពោះការនាំចេញឧបករណ៍ចាប់សញ្ញា និងកម្មវិធីរថយន្តទៅកាន់ក្រុមហ៊ុន Huawei ផងដែរ៕

