ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បាននិយាយថា ប្រទេសរបស់ខ្លួនកំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានការលើកលែង ចំពោះការទទួលបានប្រេងពីប្រទេសដែលទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ដើម្បីធានាដល់ការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ហ្វីលីពីន ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈនាំចូល កាលពីថ្ងៃទី២៤ ខែមីនា បានប្រកាសពីស្ថានភាពអាសន្នថាមពលជាតិរបស់ខ្លួន ដើម្បីដោះស្រាយផលវិបាកពីសង្គ្រាមមជ្ឈិមបូព៌ា រួមទាំងការផ្គត់ផ្គង់ប្រេងផងដែរ។
យ៉ាងណាមិញ លោក Jose Manuel Romualdez បាននិយាយថា៖ “យើងកំពុងធ្វើការជាមួយក្រសួងការបរទេស ដើម្បីទទួលបានការលើកលែង ឬការអនុញ្ញាត ក្នុងការទិញប្រេងពីប្រទេសដែលទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិក ខណៈជម្រើសទាំងអស់កំពុងត្រូវបានពិចារណា រួមទាំងប្រេងរបស់វេណាស៊ុយអេឡា និងអ៊ីរ៉ង់ ផងដែរ”។
គិតត្រឹមថ្ងៃទី២០ ខែមីនា រដ្ឋាភិបាលបាននិយាយថា ហ្វីលីពីនមានការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រហែល ៤៥ថ្ងៃ ហើយកំពុងទិញប្រេងបន្ថែមចំនួន ១ លានបារ៉ែល ដើម្បីបង្កើនស្តុកប្រេងបម្រុងរបស់ខ្លួន។
ជម្រាបជូនផងដែរថា ជុំវិញសេចក្តីប្រកាសអាសន្ន ដែលនឹងចូលជាធរមានរយៈពេលមួយឆ្នាំ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលហ្វីលីពីនទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលា និងគ្រប់គ្រាន់សម្រាប់តម្រូវការ៕

