ភិក្ខុ ទុំ សារុត នាយឃ្លោក បានសម្រេចចិត្តស្នើសុំទៅសមាគមឧកញ៉ាកម្ពុជា ដើម្បីសុំបញ្ចប់គោរមងារឧកញ៉ា ដោយស្ម័គ្រចិត្ត ក្រោយលាចាកសិក្ខាបទ ដើម្បីប្រើជីវិតជាសាមញ្ញជន ខណៈដែលអាយុក៏កាន់តែច្រើន។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភិក្ខុ ទុំ សារុត បានមានសង្ឃដីកាថា៖ “ថ្ងៃនេះជាថ្ងៃទី៨ នៃការចូលសាងផ្នួសជាព្រះភិក្ខុនៅស្រុកកំណើត នៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្ដស្វាយរៀង។ ចំពោះមូលហេតុដែលព្រះករុណាខ្ញុំសម្រេចចិត្តចូលសាងផ្នួស គឺដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកមានគុណ ដែលឪពុករបស់ខ្ញុំធ្លាប់បានបួសសិក្សារៀនសូត្រក្នុងព្រះពុទ្ធចក្រនេះ អស់រយៈពេល ៦ព្រះវស្សា។ មុននឹងលោកលាចាកទៅ លោកមានបំណងចង់ឱ្យខ្ញុំបានបួសជាសាមណេ ឬភិក្ខុ ដើម្បីបំពេញកុសល្យជូន។ ទីពីរ គឺខ្ញុំបួសដើម្បីបំពេញកុសល្យរបស់ខ្លួនក្នុងនាមពុទ្ធសាសនិកជន”។
“ចំពោះទី៣ គឺជារឿងមួយដែលគ្រប់គ្នាចង់បាន ប៉ុន្តែពេលនេះខ្ញុំព្រះករុណាខ្ញុំសម្រេចចិត្តលាឈប់ពីគោរមងារ «ឧកញ៉ា» ចាប់ពីក្រោយលាចាកសិក្ខាបទនេះទៅ និងធ្វើលិខិតស្នើទៅសមាគមឧកញ៉ាកម្ពុជា ដើម្បីឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ ព្រះរាជអនុញ្ញាតឱ្យខ្ញុំបាទបានបញ្ចប់គោរមងារ។ នេះមិនមានមូលហេតុអ្វីធំដុំទេ ចំពោះមុខរបរ អាជីព អាជីវកម្មរបស់ខ្ញុំ ការរស់នៅក្នុងសង្គមមិនមានការប៉ះពាល់ខុសច្បាប់។ នេះជាការសម្រេចចិត្តរបស់ខ្ញុំ និងគ្រួសារ ដើម្បីលាឈប់ពីគោរមងារឧកញ៉ា មកទទួលការខុសត្រូវឱ្យតូចជាងមុន ខណៈដែលអាយុរបស់យើងក៏ច្រើន ដូច្នេះដល់ពេលវេលាដែលយើងដាក់ចុះខ្លះ”។
សូមជម្រាបថា លោកឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៥៧ នៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្ដស្វាយរៀង។ លោកជាកូនទី៦ក្នុងចំណោមបងប្អូន១០នាក់ ក្នុងនោះប្រុស៦នាក់។ លោក ទុំ សារុត ទទួលបានគោរមងារឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ហើយមុនពេលបានគោរមងារជាឧកញ៉ានេះ លោកមានប្រវត្តិតស៊ូ បូករួមទាំងការងារសង្គមជាច្រើន ដោយលោកបានចូលរួមកសាងសមិទ្ធផលទាំងនៅទឹកដីកំណើត និងតំបន់មួយចំនួនទៀត៕




