ឧកញ៉ា តាន់ មុនីវណ្ណ ចូលរួមថ្លែងបាឋកថាក្នុងកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ “ការលើកកម្ពស់ភាព​ជាដៃគូជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន”

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមថ្លែង​បាឋកថា ក្នុងកម្មវិធីបណ្តុះបណ្តាល ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូជាមួយប្រជាពលរដ្ឋ និង​វិស័យឯកជន” ដែលជាការរៀបចំដោយ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះក៏មានការចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ, អភិបាល អភិបាលរងរាជធានីខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ កម្មវិធីនេះមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព​លើការងារគ្រប់គ្រង​រដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងខ្ពង់ខ្ពស់។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងនាមសហប្រធានក្រុមការងារផ្នែកឯកជន ឧកញ៉ា តាន់ មុនីវណ្ណ បាន​លើកយកយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាឧទាហរណ៍ជូនដល់សមាជិកនៃកម្មវិធី ដែលយន្តការ​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅកម្ពុជា (G-PSF) គឺជាវេទិកាកំពូលនៃកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជននៅកម្ពុជា។ វេទិកា G-PSF មានការចូលរួមពីភាគីពាក់ព័ន្ធចម្រុះ ដែលតម្រូវឱ្យមានអន្តរកម្ម​ជាច្រើនរវាងភាគីពាក់ព័ន្ធ ពោលគឺអន្តរកម្មរវាងវិស័យឯកជន និងវិស័យឯកជន អន្តរកម្មរវាងវិស័យសាធារណៈ និងវិស័យសាធារណៈ និងអន្តរកម្មរវាងវិស័យឯកជន និងវិស័យសាធារណៈ។

បន្ថែមពីនេះ ឧកញ៉ា តាន់ មុនីវណ្ណ បានស្នើសុំឱ្យមានការរៀបចំឡើងនូវកម្មវិធីសន្ទនារវាងថ្នាក់រដ្ឋបាលរាជធានីខេត្ត និងតំណាងសភាពាណិជ្ជកម្មរាជធានីខេត្ត ដែលយន្តការនេះមានការរៀបចំនៅតាមបណ្តារខេត្តមួយចំនួនរួចហើយ ប៉ុន្តែនៅមិនទាន់បានគ្រប់រាជធានីខេត្តនៅឡើយ៕