អតីតអ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ របូតលុយអស់ ២៥ពាន់លានដុល្លារ ក្នុងពេលត្រឹម ៦ខែ

អន្តរជាតិ

មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ដែលពីមុនធ្លាប់ជាប់ឈ្មោះជាបុគ្គលមានដាច់គេបំផុតនៅអាស៊ីអាគ្នេយ៍ បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ធ្លាក់ចុះអស់ ២៥ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដោយសារតែទីផ្សារហ៊ុនធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីរកស៊ីលើវិស័យថាមពលរូបនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤,៣ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះពីចំនួន ៣៩,៥ពាន់លានដុល្លារនៅចុងឆ្នាំមុន ។

គួរឲ្យដឹងផងដែរថា ប្រធានក្រុមហ៊ុន Barito Pacific Group លោក Prajogo បានបាត់បង់តំណែងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ទៅឲ្យមហាសេដ្ឋីវៀតណាម លោក Pham Nhat Vuong ដែលឥឡូវនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៣,៧ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ លោក Prajogo ក៏លែងជាអ្នកមានបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីទៀតផងដែរ ដោយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ តាមពីក្រោយមហាសេដ្ឋីធ្យូងថ្ម លោក Low Tuck Kwong មានទ្រព្យសរុប ១៦,៥ពាន់លានដុល្លារ និងមហាសេដ្ឋីធនាគារ លោក R. Budi Hartono មានទ្រព្យសម្បត្តិសរុប ១៤,៤ពាន់លានដុល្លារ៕​