រដ្ឋធានីគៀវ រួមទាំងទីក្រុងចំនួនទៀត នៅអ៊ុយក្រែន រងការវាយប្រហារ

អន្តរជាតិ

ការផ្ទុះជាបន្តបន្ទាប់ បានកើតឡើងនៅក្នុងរដ្ឋធានីគៀវ (Kyiv) របស់ប្រទេសអ៊ុយក្រែន ក៏ដូចជានៅទីក្រុងធំៗផ្សេងទៀត ដូចជា Lviv , Ternopol និង Dnipro កាលពីព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីរុស្ស៊ី បានចោទប្រកាន់ទៅលើអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការបំផ្ទុះដ៏ធំសម្បើមមួយ ដែលបានបំផ្លាញស្ពាពដ៏សំខាន់ ដែលតភ្ជាប់រុស្ស៊ី ជាមួយតំបន់គ្រីមៀ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី ១០ ខែតុលានេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Suspiline បានបញ្ជាក់ថា ក្នុងហេតុការផ្ទុះជាច្រើនកន្លែង ដែលអាចបង្ករឡើងដោយគ្រាប់មីស៊ីលនេះ បានធ្វើឱ្យមនុស្សស្លាប់ និងរបួសជាច្រើន នៅក្នុងទីក្រុង គៀវ (Kyiv) ប៉ុន្តែយ៉ាងណាក៏ដោយពួកគេមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីចំនួនជនរងគ្រោះច្បាស់លាស់នៅឡើយនោះទេ ។

លើសពីនេះ អភិបាលក្រុងគៀវ លោក Vitali Klitschko បាននិយាយក្នុងសារមួយ ដែលបានផ្ញើទៅ Telegram ថា ៖ ” មានហេតុការផ្ទុះជាច្រើនកន្លែង ស្ថិតនៅសង្កាត់ Shevchenskivskyi ចំកណ្តាលរដ្ឋធានី Kyiv ។ ហើយសម្រាប់ព័ត៌មានលម្អិត យើងនឹងបង្ហាញជូននៅពេលក្រោយ ” ។

យោងតាមសាក្សី បានប្រាប់ទៅកាន់ Reuters ថា ពួកគេបានឃើញរថយន្តដឹកទំនិញដ៏ធំមួយ បើកបរទៅកាន់ចំណុចប្រសព្វកណ្តាលទីក្រុង ហើយភ្លាមនោះស្រាប់តែមានការផ្ទុះឡើងដែលធ្វើឱ្យរថយន្តក្បែរនោះ ខូចខាតទាំងស្រុង ជាមួយនឹងផ្សែងខ្មៅអួរ​អាប់​ ។

មិនតែប៉ុណ្ណោះ ក្រៅពីទីក្រុងគៀវ ក៏មានសេចក្តីរាយការណ៍អំពីការផ្ទុះនៅទីក្រុងផ្សេងទៀតផងដែរ ដូចជាទីក្រុង Lviv , Ternopil និង Zhytomyr ដែលស្ថិតនៅភាគខាងលិចអ៊ុយក្រែន និងនៅ Dnipro ដែលស្ថិតនៅតំបន់កណ្តាលប្រទេសផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីមានការឈ្លានទៅលើប្រទេសអ៊ុយក្រែនមក រុស្ស៊ី បានបោះបង់ចិត្ត ក្នុងការវាយគ្រប់គ្រងទៅលើទីក្រុងគៀវ បន្ទាប់ពីមានការប្រឈមមុខជាមួយនឹងការវាយបកត្រលប់មកវិញ ពីសំណាក់កងកម្លាំងអ៊ុយក្រែន ។ ហើយចាប់តាំងពីពេលនោះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានងាកមកផ្តោតលើតំបន់ភាគខាងត្បូង និង Donbas ដែលស្ថិតនៅភាគខាងកើតវិញ ៕