សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានលុបចោលការលើកលែងទណ្ឌកម្មជាបណ្តោះអាសន្នទៅលើប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីមានការចោទប្រកាន់ថាទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាថ្មីទៅលើនាវាដឹងទំនិញចំនួនបីគ្រឿង នៅច្រកសមុទ្រ Hormuz។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមមន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដាថា សម្រាប់សហរដ្ឋអាមេរិក សកម្មភាពរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz គីជារឿងមិនអាចទទួលយកបានទាំអស្រុង ហើយពួកគេនឹងប្រឈមមុខទៅនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចលុបចោលការលើកលែងជាបណ្តោះអាសន្នចំពោះទណ្ឌកម្មលើប្រេងរបស់អ៊ីរ៉ង់។ ពីមុនយន្តការនេះ ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៊ីនតោនក្នុងខែមិថុនា ដែលបានអនុញ្ញាតឱ្យអ៊ីរ៉ង់ផលិត លក់ និងដឹកជញ្ជូនប្រេងឆៅ និងផលិតផលពាក់ព័ន្ធផ្សេងទៀត ជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី ២១ ខែសីហា។
ហើយយ៉ាងណាមិញ ចំពោះការសម្រេចចិត្តថ្មីៗនេះមានន័យថា រយៈពេលជាបណ្តោះអាសន្ននៃការលើកលែងទណ្ឌកម្មនោះ ឥឡូវនេះមានរយៈពេលរហូតដល់ត្រឹមថ្ងៃទី១៧ ខែកក្កដាប៉ុណ្ណោះ។
គួរជម្រាបជូនថា សកម្មភាពនេះបានកើតឡើងបន្ទាប់ពីនាវាចំនួនបីគ្រឿង រួមទាំងនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់កាតា ត្រូវបានវាយប្រហារក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz ។ នេះគឺជាលើកដំបូងហើយចាប់តាំងមានពីជម្លោះ ដែលនាវាដឹកឧស្ម័ន LNG របស់កាតា ត្រូវបានកំណត់គោលដៅវាយប្រហារ៕

