វៀតណាម ពិចារណាសង់រោងចក្រថាមពលធ្យូងថ្មបន្ថែម ក្រោយរងសម្ពាធពីជម្លោះជម្ឈិមបូព៌ា

អន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មបន្ថែមទៀត ដើម្បីធានាថាខ្លួនអាចបំពេញតម្រូវការថាមពលបាន ចំពេលសង្គ្រាមនៅអ៊ីរ៉ង់កាន់តែធ្វើឱ្យស្មុគស្មាញដល់ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធឧស័្មនធម្មជាតិរាវ (LNG) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វៀតណាមដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតកម្មនៅអាស៊ីអាគ្នេយ៍ កំពុងស្វែងរកការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្តោតលើថាមពលកកើតឡើងវិញ និងឧស្ម័ន LNG។

យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែកក្កដាថា៖”នាពេលថ្មីៗនេះ ជម្លោះដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលដល់សន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័ន LNG ដែលបង្កើតឱ្យមានតម្រូវការក្នុងការពង្រឹងសន្តិសុខថាមពលបន្ថែមទៀត”។

រដ្ឋាភិបាលបានបន្តថា ខ្លួនអាចនឹងកែសម្រួលផែនការថាមពលជាតិ ដើម្បីបន្ថែមថាមពលដែលផលិតចេញពីធ្យូងថ្មទៅក្នុងល្បាយថាមពលរួមមួយ។ កន្លងមក វៀតណាមបានកំណត់គោលដៅមានបណ្តុំរោងចក្រថាមពលដើរដោយឧស្ម័ន LNG ដែលមានសមត្ថភាពសរុប ២២,៥ ហ្គីហ្គាវ៉ាត់ (GW) ត្រឹមឆ្នាំ២០៣០។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ វៀតណាមសម្រេចបានត្រឹមតែ ៧,៣% នៃគោលដៅនោះប៉ុណ្ណោះ ដែលភាគច្រើនបណ្តាលមកពីឧបសគ្គផ្នែកបទប្បញ្ញត្តិ និងការខ្វះការចាប់អារម្មណ៍ពីអ្នកវិនិយោគ ចំពេលសង្គ្រាមអ៊ីរ៉ង់ក៏បានបង្កើតជាក្តីបារម្ភអំពីសន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័ន LNG ផងដែរ៕​