ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាកុមារចំនួន ៥០០ ០០០ នាក់ បានទទួលទឹកប្រាក់ម្នាក់ ១ ០០០ដុល្លារ ចូលទៅក្នុងគណនី Trump Account របស់ពួកគេ ដើម្បីចូលរួមក្នុងការវិនិយោគក្នុងទីផ្សារភាគហ៊ុន និងបង្កើតទ្រព្យសម្បត្តិតាំងពីវ័យក្មេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសថា គណនី Trump Account បានចាប់ផ្តើមបញ្ជូលលុយដំបូងចំនួន ១ ០០០ដុល្លារ ដើម្បីផ្តល់ជូនទៅកាន់កុមារអាមេរិក ក្នុងការចូលរួមវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់លោក ត្រាំ ផ្ទាល់។
គួរឲ្យដឹងផងដែរថា កម្មវិធី “គណនី Trump” នេះ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យជាតិអាមេរិក។ កុមារអាមេរិកដែលមានសិទ្ធិ នឹងមានគណនីដើម្បីទទួលបានមូលនិធិពីរដ្ឋាភិបាលសម្រាប់ការចាប់ផ្តើមអាជីវកម្មតាំងពីវ័យកុមាររបស់ពួកគេ។
យ៉ាងណាមិញ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា គ្រួសាររបស់កុមារអាមេរិកប្រមាណ ៦ លាននាក់បានចុះឈ្មោះចូលរួមបើកគណនីនេះ ដោយក្នុងនោះមាន ១,៤ លាននាក់មានសិទ្ធិទទួលបានមូលនិធិ។ ហើយដើម្បីទទួលបាន “គណនី Trump” កុមារត្រូវតែជាពលរដ្ឋអាមេរិក មានលេខសន្តិសុខសង្គមដែលមានសុពលភាព និងកើតនៅចន្លោះឆ្នាំ ២០២៥ និង ២០២៨៕

