រុស្ស៊ី ប្រកាសហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង ចំពេលខ្វះខាតខ្លាំង

អន្តរជាតិ

រុស្ស៊ី បានប្រកាសថាខ្លួននឹងហាមឃាត់ការនាំចេញចំពោះប្រេងម៉ាស៊ូតទាំងស្រុងនៅខែនេះ ហើយចាប់ផ្តើមបង្កើនការនាំចូលប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីជំរុញតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៨ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ថា ប្រទេសខ្លួននឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត និងចាប់ផ្តើមនាំចូលប្រេងឥន្ធនៈបន្ថែមចាប់ពីខែកក្កដា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងស្រុក។

មិនតែប៉ុណ្ណោះ កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់អំពីការពិចារណាហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតផងដែរ។ បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសផលិតប្រេងឆៅធំជាងគេទីបីរបស់ពិភពលោក និងជាប្រទេសផ្គត់ផ្គង់ប្រេងម៉ាស៊ូតធំជាងគេមួយរបស់ពិភពលោក។ ហើយចំពោះការហាមឃាត់នេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា។

គួរជម្រាបជូនថា រុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនអស់រយៈពេលជាច្រើនខែកន្លងមក ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗ នៅក្នុងទឹកដីរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកទុកប្រេងឥន្ធនៈផងដែរ។ មេដឹកនាំអ៊ុយក្រែនបានហៅការវាយប្រហារនេះថាជា “ទណ្ឌកម្មរយៈពេលវែង” ដែលត្រូវបានអនុវត្តដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូឱ្យទទួលយកការចរចា៕​